ក្រោយកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃច័ន្ទ ទី២៩ មិថុនានេះ លោក សម រង្ស៊ី បានបញ្ជាក់ថា « បរទេសដេញវ៉ៃយើង យើងជាខ្មែរត្រូវរួមគ្នាការពារជាជនជាតិខ្មែរគ្នាឯង។ រដ្ឋាភិបាលអាចចាត់វិធានការដើម្បីការពារជនជាតិខ្មែរ។ ខ្ញុំចង់ ឲ្យមានបញ្ជាពីរដ្ឋាភិបាលទៅអាជ្ញាធរនៅតាមមូលដ្ឋាន ឲ្យជួយការពារជនជាតិខ្មែរកុំឲ្យបរទេសដេញវ៉ៃយើង» ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្កោលទោសខ្លាំងៗចំពោះអំពើហិង្សាដែលកើតឡើងលើប្រជាពលរដ្ឋ និងអ្នកតំណាងរាស្រ្តរបស់គណបក្សលោក នៅព្រំដែនខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ លោក សម រង្ស៊ីក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ទាន់លើអាជ្ញាធរវៀតណាមដើម្បីការពារជនជាតិខ្មែរ ដែលលោកថា ពួកគេគ្រាន់តែទៅការពារ និងពិនិត្យមើលទឹកដីរបស់ខ្លួនប៉ុណ្ណោះ ជាងនេះទៅទៀតលោក សម រង្ស៊ី ក៏ប្រកាសដែរថា គណបក្សរបស់លោក នឹងយកបញ្ហាហិង្សាលើពលរដ្ឋខ្មែរ និងអ្នកតំណាងរាស្រ្ត ដែលលោកអះអាងថា បង្កដោយអាជ្ញាធរវៀតណាមនេះ ប្តឹងទៅសហគមន៍អន្តរជាតិផងដែរ។