នៅព្រឹកថ្ងៃអង្គារនេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការរារាំងមិនឲ្យសកម្មជនដីធ្លី និងក្រុមអង្គការសង្គមស៊ីវិលហែក្បួនធ្វើយុទ្ធនាការប្រឆាំងនឹង សេចក្តីព្រាងច្បាប់ សមាគម អង្គការ និងសហជីព ។ ដែរមានទីតាំងទាំង៤កន្លែងដែលក្រុមសកម្មជន និងអង្គការធ្វើការប្រមូលផ្ដុំគ្នារួមមាននៅវត្តនិរោធ (ច្បារអំពៅ) សង្កាត់ចាក់អង្រែលើ ស្ថានទូតបារាំង និងស្ពានអាកាស៧មករា (ស្តុបពេទ្យលោកសង្ឃ) ។
។ នៅស្ថានទូតបារាំង សកម្មជនប្រមាណជា ១០០នាក់នាំគ្នាប្រមូលផ្ដុំនៅជិតស្ថានទូតបារាំង ហើយត្រូវអាជ្ញាធរហាមឃាត់មិនឲ្យធ្វើការដើរហែក្បួន នៅត្រង់ចំណុចស្ពានអាកាស៧មករា សកម្មជនជិត២០០នាក់បាននាំគ្នាជួបជុំ រួចនាំគ្នាដើរដង្ហែតាមផ្លូវកម្ពុជាក្រោមបានប្រមាណ៣០០ទៅ៤០០ ម៉ែត្រ តែត្រូវសម្ថកិច្ចរារាំងមិនឲ្យបន្តដើរទៅមុខទៀតដូចគ្នា។ ចំណែកនៅចំណុចចាក់អង្រែលើ អាជ្ញាធរបានដាក់រនាំងបាំងក្រុមអ្នកចូលរួមដែលមានគ្នាប្រមាណ៦០នាក់ រារាំងមិនឲ្យហែក្បួនទៅមុខ ។
បើតាតាមគម្រោងគ្រោងទុក ក្បួនដង្ហែទាំង៤ក្រុមនឹងទៅជួបជុំគ្នានៅមន្ទីររដ្ឋសភានៅវេលាម៉ោង១០ ព្រឹក ដើម្បីធ្វើយុទ្ធនាការប្រឆាំងនឹងសេចក្តីព្រាងច្បាប់ទាំងពីរនេះ ហើយក៏នឹងមានការបង្ហោះប៉ោងៗផងដែរ៕
សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ សាលារាជធានីក៏បានចេញសេចក្តីជូនដំណឹងផង ថា ប្រជាពលរដ្ឋណានៅតែជម្នះធ្វើការតវ៉ាទាក់ទិននឹងច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការក្តៅ និងមិនអនុញ្ញាតឱ្យមានការដង្ហែក្បួន ឬការជួបជុំណាមួយនោះទេ។