ត្រឡប់ក្រោយ

ក្រសួងការបរទេសវៀតណាម ស្នើឲ្យអាជ្ញាធរកម្ពុជារៀបចំបញ្ចៀសការប៉ះទង្គិចតាមព្រំដែននិងចាត់វិធានការចំពោះពួកជ្រុលនិយមរបស់កម្ពុជា

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​ លោក​Le Hai Binh​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជារៀបចំ​ជា​ វិធាន​ការ ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ជម្លោះ​​នៅ​តា​ម​ព្រំដែន​ម្តង​ទៀត​ ដោយ​បាន​ចាត់​ទុក​ការប៉ះទង្គិចគ្នា​នៅតាម​បណ្តោយ​ព្រំដែ​ន​ខេត្ត​ស្វាយ​រៀង​ ​បង្ក​ដោយ«​ពួកជ្រុលនិយម​របស់​កម្ពុជា​មួយចំនួន»។

លោក​Le Hai Binh ​បាន​ថ្លែង​ថា​លោក​ចាត់​ទុក​ថា​ហិង្សា​កើតឡើងកាលពីថ្ងៃ​អាទិត្យ ទី​២៨មិថុនា ​នេះថា ដោយ​សារ​ «ពួកជ្រុល​និយម​កម្ពុជា​មួយ​ចំនួន​ ដែល​រំលោភបំពាន​ច្បាប់​កម្ពុជានិង​វៀតណាម ក៏​ដូច​ជា​សន្ធិសញ្ញានិង​កិច្ច​ព្រម​ព្រៀង​ដែល​ប្រទេស​ទាំងពីរ​បាន​ធ្វើ»។ លោក​បញ្ជាក់​ថា​ «យើង​បាន​ស្នើ​ឲ្យ​អាជ្ញា​ធរ​កម្ពុជា​រៀបចំ​ជា​វិធាន​ការ​ក្នុង​ការ​ដោះ​ស្រាយ​ឧបទ្ទវហេតុនេះឲ្យ​បាន​ត្រឹម​ត្រូវនិងបង្ការ​ស​​កម្មភាព​បែបនេះ​កុំ​ឲ្យ​កើតឡើង​ម្តង​ទៀតដើម្បី​ធានាពី​ការ​អនុវត្ត​ឲ្យ​បាន​រលូន​នៃ​ការ​កំណត់ព្រំដែននិង​បោះ​បង្គោល​ព្រំដែន ដើម្បីជា​ប្រយោ​ជន៍​​រួម​នៃ​ប្រជា​ជន​ទាំងពីរ​»។

កាលពីថ្ងៃ​អាទិត្យ ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​មរិ​ន្ទ្រ លោក អ៊ុំ សំអាន និង​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ​លោក ថាច់ សេដ្ឋា បាន​ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​កម្ពុជា​ក្រោម​ ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់​ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង បន្ទាប់ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋថា​វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ និង​កំពុង​​ធ្វើ​ផ្លូវ​នៅ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​បោះបង្គោល​។​

បន្ទាប់ពីផ្ទុះជំលោះហិង្សា រវាងប្រជាពលរដ្ឋកម្ពុជា និងភាគីខាងវៀតណាម សាលាខេត្ត​ស្វាយរៀងបាន​ប្រកាសមិន​ទទួល​ខុសត្រូវតាម​ផ្លូវ​ច្បាប់​​លើ​ការ​ ប៉ះទង្គិចនៅ​តាម​ព្រំដែន​ កាលពីថ្ងៃ​ទី​២៨ខែមិថុនា​ ដោយ​អះអាង​ថា​ក្រុម​ប្រជា​ពលរដ្ឋ​ចុះ​ពិនិត្យ​ព្រំដែន​មិន​បាន​ជូន​ដំណឹង​ អាជ្ញាធរ​ខេត្ត​ជាមុន។​​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា