បន្ទាប់ពីពិភាក្សានៅព្រឹកថ្ងៃពុធនេះ ជាមួយគណៈកម្មការបីនៃរដ្ឋសភា លោក ឈាង វុន បានលើកឡើងថា គណៈកម្មការទាំងបីនៃរដ្ឋសភាដែលទទួល បន្ទុកពិនិត្យមើលសេចក្តីព្រាងច្បាប់អង្គការ បានសម្រេចរក្សាខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះឲ្យនៅដដែល ដោយមិនមានការកែប្រែអ្វីនោះទេ។ លោកបញ្ជាក់ថា«ខ្លឹមសារ គណៈកម្មការទាំងបីសម្រេចតម្កល់ទុកនៅដដែល»ដោយ ស្នើឲ្យកែសម្រួលនូវអក្ខរាវិរុទ្ធមួយចំនួន។ លោកបន្តថាជារួមគណៈការទាំងបី បានសម្រេចថាសេចក្តីព្រាងច្បាប់នេះត្រូវធ្វើនៅពេលនេះ។
សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋាភិបាលបានដាក់ទៅរដ្ឋសភា មាន៩ជំពូក និងមាន៣៩មាត្រា។ មាត្រា២៤នៃសេចក្តីព្រាងច្បាប់នេះបានចែងថា« អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកអង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេសត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា»។មាត្រា១០នៃសេចក្តីព្រាងច្បាប់នេះចែងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវ បើកសម្រាប់កិច្ចប្រតិបត្តិការរបស់ ខ្លួននៅធនាគារក្នុង ព្រះរាជាណាចក្រកម្ពុជា។ មាត្រា២៥ចែងថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មាត្រា២៥ បន្តថាក្នុងករណីចំបាច់ ក្រសួងមហាផ្ទៃ អាចស្នើសុំរបាយការណ៍ស្តីពីសកម្មភាព និងនយោបាយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគម។
ករណីដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនអនុវត្តតាមមាត្រា១០ មាត្រា២៤ និងមាត្រា២៥ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយទុករយៈពេលយ៉ាង យូរ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ករណីមិនអនុវត្តតាម ក្រសួងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពបណ្តោះអាសន្ន រយៈពេលយ៉ាងយូរ៩០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះចេញពីបញ្ជី៕
សូមបញ្ចាក់ផងដែរថា សេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការរមិនមែន រដ្ឋាភិបាលត្រូវ បានសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយុទ្ធនាការតវ៉ាប្រឆាំងនឹងច្បាប់នេះ ជាបន្តបន្ទាប់ មួយរយៈពេលចុងក្រោយនេះ ដោយពួកគេយល់ថាច្បាប់នេះ មានការឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិរបស់ពួកគេ។