តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី ០៥ ថា លោកកំពុងរៀបចំអញ្ជើញតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ទៅពិនិត្យព្រំដែនខេត្តស្វាយរៀងនៅថ្ងៃទី១៩ខែកក្កដាខាងមុខនេះ ។លោក រៀល ខេមរិន្ទ្រ ក៏បានបញ្ជាក់បន្ថែមថា ដំណើរត្រួតពិនិត្យព្រំដែនលើកនេះ គឺរូបលោករៀបចំលិខិតជូនដំណឹង និងសុំការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធទាំងអស់។ ប៉ុន្តែលោកថា ប្រសិនបើអាជ្ញាធរ មិនអនុញ្ញាត ក៏លោកព្យាយាមទៅឲ្យដល់គោល ដៅដែរព្រោះលោក វ៉ា គឹម ហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា អះអាងថា ពលរដ្ឋខ្មែរអាចទៅមើលដល់បង្គោលព្រំដែនលេខ២០២ និង ២០៣ ក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មិនមានការហាមឃាត់ទេ។ ការធ្វើដំណើរទៅពិនិត្យព្រំដែនលើកក្រោយនេះ ជាការស្នើឡើងរបស់ប្រជាពលរដ្ឋ ហើយអាចមានអ្នកចូលរួមជាង១០០០នាក់ រួមមានព្រះសង្ឃ សិស្ស និស្សិត និង ប្រជាពលរដ្ឋ។