ត្រឡប់ក្រោយ

អាជ្ញាធរខេត្តសៀមរាប ចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិ២រូប ក្រោមបទញ៉ុះញង់

សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​២​រូប​ ត្រូវបានអាជ្ញាធរ​ខេត្ត​សៀមរាប ​ចាប់ខ្លួន ដោយ​ចោទ​ថា​ធ្វើការ​ញុះញង់​ឱ្យ​មាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​២​ក្រុម ​នៅ​កំពង់​ភ្លុក កាល​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា​។ សកម្មជន​ទាំង​ពីរ​នោះ​មាន​ឈ្មោះ​ ហុង​ ណាក់​​ និង​ឈុន ​សៀក ​រស់​នៅ​ឃុំ​មាន​ជ័យ​ស្រុក​ប្រាសាទ​បាគង​ខេត្ត​សៀមរាប។

តាមការឲ្យដឹងពី តំណាងគណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលសៀមរាបបាន​ឲ្យ​ដឹង​ថាការចាប់ខ្លួន​នេះ​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​សមាគម ដោយសារតែ​លោកនាយក​រដ្ឋមន្ត្រី​បាន​លុប​កិច្ចសន្យា​ទូក​នៅ​តំបន់​កំពង់​ភ្លុក ​ចោល ហើយ​ផ្ដល់ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ អាច​ប្រកប​អាជីវកម្ម​បាន​ដោយ​សេរី ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ក្រុមហ៊ុន​ឯកជន​នោះ​ទេ​។ តំណាងរាស្ត្ររូបនេះបន្ថែមថា ក្រោយ​ពី​ការ​លុប​កិច្ចសន្យា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មានបំណង​ចង់​បង្កើត​សមាគម​ដោយ​ពុំ​មាន​ចំនុះ​ អ្នកណា​ទេ  ប៉ុន្តែ​ដោយសារ​មានការ​លូកដៃ​ពី​ក្រុម​ម្ខាងៗ ទើប​ធ្វើឲ្យ​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ទូក​។ កន្លងមក​ក៏​តែងតែ​មាន​ការចោទប្រកាន់​លើ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះផងដែរ​។​

សូមបញ្ជាក់ផងដែរថា កាល​ពី​ថ្ងៃ​ទី​ ២៧ ​មិថុនា​ យ៉ាង​ហោច​ណាស់​ប្រជា​សហគមន៍​កាណូត​ទេសចរណ៍​កំពង់​ភ្លុក ៤ ​នាក់​បាន​រង​របួស​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​មក​តវ៉ា​ប្រឆាំង​ហើយ ​បាន​ក្លាយ​ជា​អំពើ​ហិង្សា​ខណៈ​ប្រជា​សហគមន៍​កាណូត​ទេសចរណ៍​កំពុង​រៀបចំ​ បោះឆ្នោត​ជ្រើស​រើស​ប្រធាន​សហគមន៍​កាណូត៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា