នាព្រឹកថ្ងៃ ពុធ ទី៨ កក្កដានេះ រដ្ឋសភា បានបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយសិក្ខាសាលាស្វែងយល់ពីសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានការចូលរួមពី ប្រធានរដ្ឋសភា លោក ហេង សំរិន ។ ប៉ុន្តែក្នុងសិក្ខាសាលានេះ ពុំបានអនុញ្ញត្តិអោយបុគ្គលិកអង្គការសង្គមស៊ីវិល និងអ្នកកាសែតមួយចំនួនចូលរួម ហើយទន្ទឹមនិងនេះផងដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺបានដើរចេញពីអង្គសិក្ខាសាលានេះផងដែរ។សេចក្តីព្រាងកម្មវិធីសិក្ខាសាលា បានបញ្ជាក់ផងដែរថា អង្គសិក្ខាសាលា បើកឱកាសរយៈពេល ៤៥ នាទី ចាប់ពីម៉ោង ៩ និង ១៥ នាទី ដល់ម៉ោង ១០ ដើម្បីឲ្យមហាជន សួរសំណួរ ឬបញ្ចេញមតិយោបល់។ ចំណែកគណៈអធិបតីមានពេល៣០នាទីដើម្បីឆ្លើយនឹងសំណួរ។ ហើយនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ គណៈកម្មការជំនាញរដ្ឋសភាទាំង៣ ដែលទទួលបន្ទុកពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងជួបប្រជុំជាមួយ តំណាងរាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដាក់ជូនរដ្ឋសភា អនុម័តសេចក្តីព្រៀងច្បាប់នេះ នៅថ្ងៃទី ១០ កក្តដា ខាងមុខនេះ។