ត្រឡប់ក្រោយ

ប្រធានរដ្ឋសភា លោក ហេង សំរិន ជំរុញឲ្យយកចិត្តទុកដាក់ រាល់មតិ យោបល់ របស់សង្គមស៊ីវិលលើច្បាប់ NGOs

លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងក្នុងពិធីបើកសិក្ខាពិគ្រោះយោបល់នៅវិមាន​រដ្ឋ នាព្រឹកថ្ងៃពុធនេះ ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញនៃ​រដ្ឋ​សភាយក​ចិត្ត​ទុកមតិ​យោបល់ និង​អនុសាសន៍​ដែល​ផ្តល់​ដោយ​អង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ នៅ​ក្នុង​សិក្ខាសាលាពិគ្រោះ​យោបល់​លើ​​សេចក្តីព្រា​ង​​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​សេចក្តីព្រាងច្បាប់​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​បស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ក្របខណ្ឌ​នីតិរដ្ឋ​។

សេចក្តីព្រាង​ច្បាប់​ចុងក្រោយ​ ដែលរដ្ឋាភិបាល​បាន​ដាក់​ទៅ​រដ្ឋសភា ​មាន៩ជំពូក និង​មាន​​៣៩មាត្រា​។  មាត្រា​​២៤នៃ​សេចក្តីព្រាង​ច្បាប់នេះ​​បាន​ចែង​ថា«អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​​បរទេស ឬ​សមាគម​បរទេសត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រកម្ពុជា»។

ក្នុងមាត្រា​២៥ចែង​ថា​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយការណ៍​​​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​ មាត្រា​២៥ បន្ត​​ថា​ក្នុង​ករណី​ចំបាច់ ក្រសួងមហាផ្ទៃ អាច​ស្នើ​សុំ​របាយការណ៍ស្តី​ពី​សកម្មភាព និងនយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម។ ករណីដែល ​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល មិន​អនុវត្ត​តាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ​ក្រសួងមហាផ្ទៃ​​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្ស​រ​ដោយទុក​រយៈ​ពេល​យ៉ាង​ យូរ​៣០ថ្ងៃ​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។ ករណី​មិន​អនុវត្ត​តាម​ក្រសួង​នឹង​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍អក្ស​រ​ផ្អាក​ សកម្មភាព​បណ្តោះ​អាសន្ន​ រយៈ​ពេល​យ៉ាង​យូ​រ​៩០ថ្ងៃ​។ ក្នុង​ករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្ស​រ​លុប​ឈ្មោះ​ចេញពី​បញ្ជី៕​

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា