ក្រុមការងារអឺរ៉ា (ERA) តំណាងគណបក្សនយោបាយ និងមន្ត្រីស្ថានទូតមួយចំនួន ប្រជុំពិគ្រោះយោបល់គ្នា ដើម្បីដាក់អនុសាសន៍ទៅ គ.ជ.ប ឲ្យកែសម្រួលចំណុចខ្លះនៃការចុះបញ្ជីបោះឆ្នោត និងកាត់បន្ថយតួនាទីរបស់ស្មៀនឃុំ ក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោត។
ទាក់ទងសំណើនេះ អ្នកនាំពាក្យ គ.ជ.ប ស្វាគមន៍រាល់គំនិតនានារបស់សង្គមស៊ីវិល ដើម្បីធ្វើឲ្យដំណើរការនៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត កាន់តែមានភាពល្អប្រសើរ។
ក្រោយពីពិភាក្សារកឃើញចំណុចមួយចំនួនត្រូវកែលំអ ទាក់ទងការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ការស្នើមិនឲ្យកែឈ្មោះអ្នកបោះឆ្នោតក្រោយចុះបញ្ជីពីថ្នាក់ក្រោម និងការកាត់បន្ថយតួនាទីស្មៀនឃុំ ក្នុងការងារបោះឆ្នោត ក្រុមការងារអឺរ៉ា នឹងដាក់អនុសាសន៍ទាំងនោះទៅស្ថាប័ន គ.ជ.ប។
កិច្ចប្រជុំនៅល្ងាចថ្ងៃទី៧ ខែកក្កដា អ្នកចូលរួមមកពីបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងតំណាងស្ថានទូត ស្នើមិនឲ្យស្មៀនធ្វើជាអនុប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោត ដោយលើកហេតុផលថា ស្មៀនឃុំមានការងាររដ្ឋបាលច្រើន និងជាមនុស្សម្នាក់មានឥទ្ធិពលលើពលរដ្ឋក្នុងឃុំ។
ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក សេង រិទ្ធី ថ្លែងក្នុងកិច្ចពិគ្រោះនោះថា សព្វថ្ងៃនេះស្មៀនឃុំមាននិន្នាការរើសអើងប្រជាពលរដ្ឋ ដែលមានគោលនយោបាយផ្សេងពីខ្លួន។ លោកថ្លែងបន្តទៀតថា ការងារចុះឈ្មោះបោះឆ្នោតកន្លងមក តែងតែបង្កការលំបាកដល់ពលរដ្ឋ៖ «»។
កិច្ចពិគ្រោះនេះ ស្របពេល គ.ជ.ប កំពុងប្រជុំពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញផ្នែកបោះឆ្នោតនៃ ស្ថានទូតប្រទេសជប៉ុន និងមន្ត្រីសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី១០ ខែកក្កដា។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើកឡើងថា ការងាររបស់ស្មៀនរាល់ថ្ងៃកំពុងរវល់ស្រាប់ ហើយផ្តល់តួនាទីជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត គឺរឹតតែធ្វើឲ្យស្មៀនមានការងារកាន់តែស្មុគស្មាញបន្ថែមទៀត។ លោក គល់ បញ្ញា បន្តថា អឺរ៉ា នឹងយកអនុសាសន៍ទាំងនោះដាក់ទៅ គ.ជ.ប នៅក្នុងអំឡុងខែកក្កដា ជាសំណើមួយស្របពេលដែល គ.ជ.ប កំពុងធ្វើការងារ៖ «»។
ក្រុមចុះឈ្មោះបោះឆ្នោតមានសមាសភាព ៣នាក់។ តាមច្បាប់បោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ តម្រូវឲ្យប្រធានក្រុមការងារបោះឆ្នោតជាមន្ត្រីរបស់ គ.ជ.ប ជាប្រធាន។ ស្មៀនឃុំ ជាអនុប្រធានក្រុម។ សង្គមស៊ីវិលលើកឡើងថា កន្លងមកស្មៀនឃុំជាមនុស្សសំខាន់ក្នុងការងារចុះឈ្មោះបោះឆ្នោត រួមមានធ្វើការងារប្រតិបត្តិ សរសេរបង្កាន់ដៃចុងក្រោយ សរសេរឯកសារឲ្យពលរដ្ឋ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា យល់ថា នេះជាមតិនៃក្រុមដែលយកចិត្តទុកដាក់លើការបោះឆ្នោតនៅកម្ពុជា។ លោកថា សប្ដាហ៍ក្រោយ គ.ជ.ប នឹងផ្ញើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការរៀបចំបញ្ជីឈ្មោះ និងការបោះឆ្នោតឡើងវិញទៅសង្គមស៊ីវិល ដែលធ្វើការងារទាក់ទងការបោះឆ្នោត៖ «»។
យ៉ាងណាក៏ដោយចុះ តំណាងមកពីគណបក្សសង្គ្រោះជាតិ លោក កែវ ភិរម្យ យល់ថា ការស្នើសុំឲ្យកាត់បន្ថយតួនាទីស្មៀនក្នុងការងារបោះឆ្នោត មិនអាចកាត់បន្ថយបានទេ។ តំណាងគណបក្សប្រឆាំងរូបនេះយល់ថា អ្វីដែលត្រូវកែប្រែ គឺបន្ថែមសមាសភាពរបស់សមាជិកក្រុមបោះឆ្នោត៕ RFA