ត្រឡប់ក្រោយ

តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មិនជឿលើការសន្យាលុបស្រះរបស់វៀតណាម

នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​ការបរទេសកម្ពុជា នៅថ្ងៃទី ១០ ខែកក្កដា រដ្ឋាភិបាលវៀតណាម បានសន្យាលុបស្រះចំនួន ៣ ក្នុងខេត្តរតនៈគិរីនិងផ្អាកសាងសង់ប៉ុស្តិ៍យោធា នៅខេត្តកណ្តាលព្រមទាំងផ្អាកសាងសង់ផ្លូវ​នៅចំណុច​ព្រំដែន​ខេត្ត​ស្វាយរៀង។ ប៉ុន្តែតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មិនជឿលើការសន្យា​របស់​ភាគី​វៀតណាម​នោះឡើយ។

លោក អ៊ុំ សំអាន ថ្លែងថា “សូមស្វាគមន៏ការសន្យារបស់វៀតណាមថានឹងលុប ស្រះចំនួន៣ ផ្អាកការសាងសង់ផ្លូវនិងប៉ុស្តិយោធា ប៉ុន្តែវៀតណាមត្រូវលុបស្រះ៥ថែមទៀត ព្រោះស្រះទាំង៨ជីកក្រោយកិច្ចព្រមព្រៀងឆ្នាំ១៩៩៥។ យើងក៏ឃ្លាំមើលដែរថាតើវៀតណាម គោរពតាមពាក្យសន្យាឬទេ ព្រោះកន្លងមកវៀតណាមមិនដែលគោរពតាមពាក្យសន្យាទេ”។

សូមបញ្ជាក់ ការជីកស្រះរបស់វៀតណាមនៅខេត្តរនៈគិរីចំនួន ស្ថិតនៅ ចន្លោះបង្គោលព្រំដែនលេខ ៣០ និង ៤០។ ហើយក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាពីរដងឲ្យ​វៀត​ណាមលុបស្រះទាំងនោះ កាលពីថ្ងៃទី ១២ និង ១៤ ខែមិថុនា ឆ្នាំ ២០១៥។ រីការសាងសង់ប៉ុស្តិ៍ នៅភូមិព្រែកស្បូវ ឃុំសំពៅពួន ស្រុកកោះធំខេត្តកណ្តាល កម្ពុជាធ្វើកំណត់ទូតតវ៉ាពីរដងដែរ ឲ្យវៀតណាមផ្អាកការ​សាង់សង់ កាលពីថ្ងៃទី ០៨ និងនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៥។  បន្ទាប់មកកម្ពុជាបានធ្វើកំណត់ទូត​តវ៉ា កាលពីថ្ងៃ​ ទី១ ខែ កក្កដា ឆ្នាំ ២០១៥ ស្នើ​ឲ្យវៀតណាម​ផ្អាកសាងសង់​ផ្លូវ​ស្ថិតនៅ​បង្គោលព្រំដែនលេខ ១៩៤-២០៣ លេខ ២១១-២១៣ និងលេខ ២១៣ -២១៧ ក្នុងស្រុកចន្រ្ទានិងស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា