សេចក្តីប្រកាសព័ត៌មានរបស់អង្គការភាពប្រឆាំងអំពើពុករលួយ(ACU)ចេញផ្សាយនៅថ្ងៃទី១៣ខែកក្កដា បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន ត្រូវបាន ជ្រើសតាំងឲ្យធ្វើជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
សេចក្តីប្រកាសព័ត៌មានរបស់ACUបញ្ជាក់ថា៖«ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី២ដែលមានសមាសភាពថ្មីចំនួន៣រូប នឹងចូលរួមចំណែកក្នុងការអនុវត្តការងារ របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរបន្ថែមទៀតហើយក៏ជាខ្នង បង្អែកដ៏រឹង មាំរបស់អង្គភាពប្រឆាំងអំពើពុករលួយហើយនឹងបន្តជំរុញការលើកទឹកចិត្តដល់អង្គភាពប្រឆាំង អំពើពុករលួយឲ្យអនុវត្តការងាររបស់ខ្លួនដោយឯករាជ្យតម្លាភាព ប្រសិទ្ធភាព និងគុណភាព ដើម្បីប្រយុទ្ធប្រេឆាំងអំពើពុករលួយដោយឆ្លើយ តបនឹងស្ថាន ភាពនៃបច្ចុប្បន្នភាពដែលសាធារណៈមតិនិងសង្គមកំពុងតែយកចិត្តទុកដាក់»។
លោក ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ធ្លាប់មានប្រសាសន៍ថាក្នុងអាណត្តិទី២នេះនឹងមានសមាសភាពថ្មី៣រូបសម្រាប់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងស្ថាប័នក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឲ្យមាន ការចូលរួមពីសមាជិករដ្ឋាភិបាល។ លោកបន្តថាលោក ច័ន្ទ ថានី ត្រូវជំនួសដោយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ឆេង សារឿន ត្រូវជំនួសដោយលោកស្រី ម៉ែន សំអន និងលោក ជីវ កេង ត្រូវជំនួសដោយ លោក យ៉េត ចរិយា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។