លោក ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃអង្គារនេះ សម្រេចមិនបញ្ជូនលិខិតស្នើសុំរបស់គណបក្សប្រឆាំង ឲ្យផ្អាកបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នេះបើយោងតាមលិខិតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១៤កក្កដា លិខិតដដែលបានបន្តថា ការសម្រេចមិនចុះហត្ថលេខារបស់លោកហេង សំរិន នូវសំណើរខាងលើនេះ ដោយសារតែរដ្ឋសភាសម្រេចអនុម័តប្រគល់ជូនរាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការជាតិព្រំដែនឲ្យទទួលខុសត្រូវរួចហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាង១០រូបបានដាក់លិខិតមួយទៅលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា ដោយស្នើឲ្យផ្អាកការបោះបង្គោលព្រំដែនជាមួយវៀតណាម រហូតដល់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨។