ត្រឡប់ក្រោយ

គ.ជ.ប ​រើស​បុគ្គលិក​ ២៤០០ ​នាក់​​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រោង​ជ្រើសរើស​បុគ្គលិក​ចំនួន ២៤០០ នាក់​ពាក់ព័ន្ធ​នឹង​ផ្នែក​កុំព្យូទ័រ​ដើម្បី​ធ្វើ​ការងារ​នៅក្នុង​ ឃុំ-សង្កាត់​សរុប​ចំនួន ១៦៣៣ ទូទាំង​ប្រទេស​ក្នុង​ដំណើរការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​ អេឡិចត្រូនិក​ដែល​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ក្រោយ​។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ គ.ជ.ប ដែល​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​។ លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​ដឹង​ថា​តើ​វា​ចំណាយ​អស់​ប៉ុន្មាន​នៅ​ឡើយ​ទេ​ពីព្រោះ​យើង​នៅ​ កំពុង​រង់ចាំ​ការ​ដេញ​ថ្លៃ​​ដោយ​អ្នក​ជំនាញ​ជប៉ុន​​»។

លោក​បាន​ថ្លែង​បន្ត​ថា​ រដ្ឋាភិបាល​ជប៉ុន​នៅ​ទី​បំផុត​បាន​សម្រេច​ជួយ​ផ្នែក​កុំព្យូទ័រ server ដល់​មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ សម្រាប់​ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ហើយ​នឹង​ បញ្ជូន​អ្នក​ជំនាញ​កុំព្យូទ័រ​ជប៉ុន​ម្នាក់​​មក​ធ្វើ​ការងារ​នៅក្នុង​ មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​ គ.ជ.ប ​​នៅ​ខែ​តុលា​។

អនុប្រធាន​ គ.ជ.ប លោក គួយ ប៊ុនរឿន និង​អ្នក​ជំនាញ​ជប៉ុន​​ Ryuichi Tomizawa បាន​​ចាប់ផ្តើម​ជជែក​​គ្នា​​តាំងពី​ថ្ងៃ​ទី​ ៧ កក្កដា ដើម្បី​ទទួល​បាន​អនុសាសន៍​អំពី​របៀប​ថា​តើ​រដ្ឋាភិបាល​កម្ពុជា​គួរ​រៀបចំ​ នីតិវិធី​​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ​​យ៉ាង​ដូចម្តេច​ព្រមទាំង​​ការ​បង្កើត​​​​បញ្ជី​អ្នក​បោះឆ្នោត​ឌីជីថល​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​បន្ទាប់ពី​កិច្ចប្រជុំ​ថ្ងៃ​ ចុងក្រោយ​កាល​ថ្ងៃ​ទី​ ១០ ខែ​កក្កដា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា​៖«ខាង​ជប៉ុន​គាំទ្រ​ សម្រាប់​ការ​ធ្វើ​តេស្ត​ការ​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​ អេឡិចត្រូនិក​​»។ «​គ.ជ.ប ​សម្ដែង​ការ​ដឹងគុណ​ចំពោះ​ជប៉ុន​​ដែល​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​ សម្រាប់​កំណែទម្រង់​ការ​បោះឆ្នោត​​ក្នុង​ប្រទេស​កម្ពុជា​ហើយ​សង្ឃឹម​ថា​ កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បង្កើត​​ទំនុក​ចិត្ត​ដល់​​អ្នក​បោះឆ្នោត​​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​»។

លោក ពុទ្ធា បាន​ថ្លែង​ថា គ.ជ.ប ​កំពុង​គ្រោង​​ចាប់ផ្តើម​ការ​ធ្វើ​តេស្ត​​​ការ​ចុះ​បញ្ជី​​​ឈ្មោះ​អ្នក​ បោះឆ្នោត​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ខែ​តុលា​ហើយ​​អ្នក​បោះឆ្នោត​​គួរ​ អាច​ចុះ​ឈ្មោះ​បាន​ជាមួយ​ប្រព័ន្ធ​ថ្មី​នេះ​នៅ​ដើម​ឆ្នាំ​ ២០១៦​។

លោក គល់ បញ្ញា នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា ខុមហ្វ្រែល បាន​អំពាវនាវ​ឲ្យ​ គ.ជ.ប ​​ជ្រើសរើស​បុគ្គលិក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ៥០០ ​នាក់​​ដែល​ត្រូវការ​សម្រាប់​ក្រុម​ចុះបញ្ជី​បោះឆ្នោត​ដើម្បី​ចុះបញ្ជី​អ្នក ​បោះឆ្នោត​​ប្រមាណ​ ១០ លាន​នាក់។

លោក បញ្ញា បាន​ថ្លែង​ឲ្យ​ដឹង​បន្ត​ទៀត​ថា​៖ «​​វា​មិនមែន​ជា​ចំនួន​ខុស​គ្នា​ខ្លាំង​ទេ​ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​​ ក្រុម​ច្រើន​នោះ​នឹង​ធានា​ថា​ការ​ចុះ​បញ្ជី​បាន​ទៅ​ដល់​​ភូមិ​ទាំងអស់​ចំនួន ​ ១០ ០០០ ហើយ​នឹង​ធ្វើឲ្យ​ពេល​វេលា​លឿន​ជាង​សម្រាប់​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​ បោះឆ្នោត​»៕ប្រភពភ្នំពេញប៉ុស្ត៏

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា