ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលថ្ងៃអង្គារ៏ ម្សិលមិញថា ក្នុងការប្រកួតកីឡា ក្រុមណាមួយ ក៏ចង់យកឈ្នះ លើក្រុមមួយទៀតដែរ។ តែក្រុមទាំងពីរ ចាត់ទុកគ្នាជាគូប្រកួតតែប៉ុណ្ណោះ មិនមែន ជាគូសត្រូវ ស៊ីសាច់ហុតឈាមគ្នានោះទេ។ ចំពោះគណបក្សនយោបាយ ដែលតតាំងគ្នា ដណ្តើមសន្លឹកឆ្នោតពីប្រជាពលរដ្ឋ ក៏ត្រូវប្រកាន់យកស្មារតីដូចអ្នកកីឡាដែរ។ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងតទល់គ្នាដណ្តើមយកជ័យជំនះរៀងៗខ្លួន ក្នុងការបោះឆ្នោតខាងមុខ តែគណបក្សទាំងពីរនេះ មិនមែនជាគូសត្រូវគ្នាទេ គ្រាន់តែជាគូប្រកួតប៉ុណ្ណោះ។ គូប្រកួតទាំងពីរ ត្រូវចេះគោរពគ្នាទៅវិញទៅមក ជាពិសេស គោរពសិទ្ធិប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវទាំងអស់គ្នា។ ហ្នឹងហើយ ជាគោលបំណង នៃវប្បធម៌ សន្ទនា ដែលធានាថា ទោះជាគណបក្សណាក៏ដោយ ទទួលជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ជនជាតិខ្មែរទាំងអស់ នឹងទទួលបានសេចក្តីសុខ ហើយនឹងរួបរួមគ្នាជានិច្ច ដើម្បីការពារទឹកដី មាតុភូមិកម្ពុជាយើង ឲ្យបានគង់វង្ស ជានិរន្តិ៍។