ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុងបានឲ្យដឹង ថាលោកពិបាកធ្វើការជាមួយវៀតណាមរឿងបញ្ហាព្រំដែន ដោយលើកឡើងថា កម្ពុជាបានស្នើសុំបោះបង្គោលខណ្ឌសីមាតាមផែនទី១/១០០ ០០០ ប៉ុន្តែវៀតណាមទាមទារឲ្យកម្ពុជាយកសន្ធិសញ្ញាឆ្នាំ១៩៨៥វិញជាគោល កាលថ្លែងបែបនេះ របស់លោក វ៉ា គឹមហុង ក្នុងពិធីផ្សព្វផ្សាយអំពីបញ្ហាព្រំដែន និងការបោះបង្គោលខណ្ឌសីមា ជូនដល់អាជ្ញាធរខ្មែរទូទាំងប្រទេស ក្រោមវត្តមាន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក វ៉ា គឹមហុង ថា៖«យើងទាមទារយកខ្សែ[ព្រំដែន]ទៅតាមគោលការណ៍ច្បាប់អន្តរជាតិ ដោយយកខ្សែផ្លូវការរង្វាស់ផែនទី ១/១០០០០០ដែលគូសខ្សែព្រំដែននៅលើច្រាំងព្រែកវិញតេវាមិនឆ្ងាយប៉ុន្មានពីមាត់ច្រាំងទេ។នេះយើងទាមទារឲ្យគេយកអនុវត្តតាមហ្នឹង តែភាគីវៀតណាមគេមិនទទួលយកទេគេទាមទារយកខ្សែ[ព្រំដែន]តាមសន្ធិសញ្ញា១៩៨៥ ដែលគូសច្បាស់ថាខ្សែព្រំដែនឃ្លាតចេញពីច្រាំងព្រែកវិញតេ ១៥០ម៉ែត្រកន្លែងខ្លះជិតដល់២០០ម៉ែត្រ»។ លោក វ៉ា គឹមហុង ថាភាគីវៀតណាមបានស្នើកុំឲ្យកម្ពុជាបញ្ចេញព័ត៌មាន ទាក់ទងនឹងការចរចាអំពីបញ្ហាព្រំដែនដោយលោកចាត់ទុកថានេះដោយសារ វៀតណាមមិនមែនជាប្រទេសសេរីដូចកម្ពុជា។