បើតាមការគ្រោងទុក លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងដឹកនាំប្រជាពលរដ្ឋប្រមាណ២០០០នាក់ ទៅពិនិត្យមើលបង្គោលព្រំដែនលេខ២០២ និង២០៣ ក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ។ ស្របពេលដែល អាជ្ញាធរខេត្តស្វាយរៀង នៅថ្ងៃពុធ ទី១៥ កក្តដានេះ បានសម្រេចឲ្យប្រជាពលរដ្ឋតែ១០០នាក់ប៉ុណ្ណោះក្នុងចំណោម២០០០នាក់ ចូលទៅដល់បង្គោលព្រំដែនលេខ២០២ និង២០៣ ក្នុងខេត្តស្វាយរៀង ប៉ុន្តែបានដាក់កំហិតមួយចំនួនដើម្បីបញ្ចៀសហិង្សាដែលអាចកើតឡើង។
លោក សុភ័ណ្ឌ ឡារី ដែលជាតំណាងឲ្យអ្នកតំណាងរាស្រ្តលោករៀល ខេមរិន្រ្ទ បានឲ្យដឹងនៅថ្ងៃពុធនេះថា អាជ្ញាធរហាមមិនឲ្យទៅពិនិត្យមើលកន្លែងផ្សេងទៀតឡើយ នៅពេលទៅមើលបង្គោលព្រំដែន ហាមដាច់ខាតឡើងឈរលើបង្គោលព្រំដែន និងធ្វើឲ្យប៉ះពាល់ខូចខាតបង្គោលព្រំដែន ផលដំណាំកសិកម្ម ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ អាជ្ញាធរខេត្តបានសម្រេចឲ្យប្រជាពលរដ្ឋតែ១០០នាក់ប៉ុណ្ណោះចូល ទៅដល់បង្គោលព្រំដែន និងសល់ប៉ុន្មានត្រូវឈប់នៅត្រង់ចំណុច សមត្ថកិច្ចបានគូសទីតាំងឲ្យឈរជើង ដែលមានចម្ងាយពីបង្គោលព្រំដែនប្រមាណ៥០០ម៉ែត្រ។