យោងតាមបណ្តាញសង្គមរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីបានឲ្យដឹង ថ្ងៃទី ២២ កក្តដា ២០១៤ ដល់ ថ្ងៃទី ២២ កក្តដា ២០១៥ នេះ ជាខួបលើកទី១ មួយ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយ រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី បានបន្ថែមថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា មានភាពល្អប្រសើរជាងមុន គួរឲ្យកត់សម្គាល់។ ទោះជានៅមានបញ្ហាច្រើនទៀត ដែលគណបក្សទាំងពីរ មិនទាន់ឯកភាពគ្នានៅឡើយក៏ដោយ ហើយទោះជាមានព្យុះភ្លៀងនិងផ្គរ ម្តងម្កាលក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែខិតខំរក្សា និងពង្រឹងវប្បធម៌សន្ទនា ដែលបានកើតចេញពីកិច្ចព្រមព្រៀងខាងលើនេះ។ សម្តេច ហ៊ុន សែន និងរូបខ្ញុំ ជាសហស្ថាបនិក នៃវប្បធម៌សន្ទនានេះ ដែលនាំមកនូវរបត់នយោបាយមួយជាប្រវត្តិសាស្ត្រ។ យើងទាំងពីរនាក់ យល់ឃើញថា មានតែវប្បធម៌សន្ទនានេះទេ ដែលអាចធានាសន្តិភាព និងសេចក្តីសុខជូនប្រជារាស្ត្រខ្មែរទាំងមូល ទោះជាមានការប្រែប្រួលនយោបាយយ៉ាងណាក៏ដោយ នាពេលអនាគត។ ម្យ៉ាងវិញទៀត វប្បធម៌សន្ទនានេះ ពង្រឹងឯកភាពជាតិ ដើម្បីឲ្យជនជាតិខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយ ចេះពួតដៃគ្នា ដើម្បីការពារទឹកដីប្រទេសកម្ពុជា របស់យើងទាំងអស់គ្នា ឲ្យនៅគង់វង្សជានិរន្តិ៍៕