សកម្មជនដីធ្លីដ៏សកម្មក្នុងតំបន់បឹងកក់ គឺលោកយាយ ង៉ែត ឃុន និង អ្នកស្រី គឹម វណ្ណី បានទទួលប័ណ្ណកម្មសិទ្ធិ សម្គាល់អចលនទ្រព្យស្របច្បាប់ ពីអាជ្ញាធររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥នេះ នៅលើដីរបស់ខ្លួនក្នុងតំបន់បឹងកក់ ខណ្ឌដូនពេញ ។ លោកយាយ ង៉ែត ឃុន ទទួលបានក្បាលដីទំហំ ៨គុណនឹង ១៨ម៉ែត្រ និងអ្នកស្រី គឹម វណ្ណី ទទួលបានក្បាលដីទំហំ ៦,៥ ម៉ែត្រ គុណនឹង ២២ម៉ែត្រ ក្នុងប្លុកបឹងកក់ នៅម្តុំវិហារឥស្លាម ។ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើនថ្លែងថា តាមការព្រមព្រៀង រវាងម្ចាស់ក្បាលដីទាំងពីរ អាជ្ញាធរបានប្រគល់ប័ណ្ណកម្មសិទ្ធិច្បាប់ជូនពួកគាត់ សម្រាប់យកទៅប្រើប្រាស់ តាមតម្រូវការរបស់ពួកគាត់ ចាប់ពីពេលនេះតទៅ។