អង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជាតិកាលពីអាណត្តិមុននៅមានភាពមិនប្រក្រតី ធ្វើឲ្យពលរដ្ឋកម្ពុជា មួយចំនួនបាត់សិទ្ធិបោះឆ្នោត។ ទន្ទឹមគ្នានេះ អង្គការតម្លាភាពកម្ពុជា បានដាក់អនុសាសន៍មួយចំនួនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើកំណែទម្រង់លើប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោតថ្មី ដើម្បីចៀសវាងបញ្ហាប្រឈមកន្លងមក។កាលពីថ្ងៃទី៦ ខែសីហាម្សិលមិញ អង្គការតម្លាភាពកម្ពុជា ឲ្យដឹងថា បញ្ហាដែល គ.ជ.ប គួរចៀសវាងឲ្យបានទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលកើតឡើងកាលពីអាណត្តិមុន រួមមានឈ្មោះស្ទួន និងមានភាពមិនប្រក្រតីជាច្រើន រួមទាំងការលុបលាងបានភ្លាមៗនូវទឹកខ្មៅជ្រលក់ម្រាមដៃ ដែលមិនអាចធានាថា មនុស្សម្នាក់បោះឆ្នោតបានតែម្តងនោះ។