មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចាត់ទុកការតវ៉ារបស់ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធនឹងថវិការបស់មូលនិធិទូរទស្សន៍ព្រះអាទិត្យជាកលល្បិចរបស់គូបដិបក្ខក្នុងការបន្តុះបង្អាប់គណបក្សប្រឆាំង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានចោទប្រកាន់ថាគណបក្សនេះធ្វើការគ្មានតម្លាភាពទៅលើការចាត់ចែងថវិកាដែលប្រមូលបានពីប្រជាពលរដ្ឋតាមរយៈមូលនិធិទូរទស្សន៍ព្រះអាទិត្យ។កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋជាង២០០គ្រួសារក្នុងខេត្តកំពង់ចាមបានដាក់ញត្តិទាមទារឲ្យគណបក្សសង្គ្រោះជាតិបង្ហាញនូវទឹកប្រាក់ទាំងអស់ដែលគណបក្សនេះប្រមូលបានតាមរយៈវិភាគទានមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដោយពួកគាត់ចោទប្រកាន់ថាគណបក្សនេះមិនបានធ្វើការផ្សព្វផ្សាយចំនួនថវិកាដែលប្រមូលបានជាសាធារណៈ។ដោយឡែកកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ក៏មានប្រជាពលរដ្ឋចំនួន៣៥គ្រួសារមកពីខេត្តកណ្តាល និង២៧គ្រួសារផ្សេងទៀតមកខេត្តស្វាយរៀងបានដាក់ញត្តិទាមទារឲ្យគណបក្សសង្គ្រោះជាតិប្រគល់ថវិកា ដែលជាវិភាគទានរបស់ពួកគាត់ផ្តល់ជូនទៅមូលនិធិទូរទស្សន៍ព្រះអាទិត្យឲ្យពួកគាត់វិញផងដែរ។