គណបក្សដែលទើបបង្កើតឡើងដើម្បីបានប្រកួតប្រជែងការបោះឆ្នោតជាតិនាពេលខាងមុខ បានរិះគន់ចំៗទៅនឹងប្រសាសន៍របស់លោក ហ៊ុន សែន ដែលថា កម្ពុជានឹងផ្ទុះសង្គ្រាមស៊ីវិល បើគណបក្សកាន់អំណាច ចាញ់ការឆ្នោតនៅអាណត្តិក្រោយនេះ។សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចុះថ្ងៃទី១៥ ខែកញ្ញានេះ លើកឡើងថា ជាការសោកស្តាយនូវការលើកឡើងម្តងហើយម្តងទៀត របស់លោក ហ៊ុន សែន ដែលនិយាយថា កម្ពុជានឹងកើតសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតនៅពេលខាងមុខ។ហើយបានចាត់ទុកថា ការផ្ញើសាររបស់នាយករដ្ឋមន្ត្រីនេះ ជាការគំរាមកំហែង បំភិតបំភ័យដល់ប្រជាពលរដ្ឋ និងមិនផ្តល់សារៈប្រយោជន៍សម្រាប់សង្គមជាតិទេ។