អង្គការខ្មែរក្រោមនៅកម្ពុជា ស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរខ្មែរ កុំឲ្យចាប់បញ្ជូនខ្មែរក្រោមនៅកម្ពុជា ត្រឡប់ទៅទឹកដីកំណើតកម្ពុជាក្រោមវិញ បើពួកគាត់ពុំទាន់មានលិខិតស្នាមរស់នៅនៅកម្ពុជា ត្រឹមត្រូវនៅឡើយ។ ការអំពាវនាវនេះ ដោយសារអង្គការខ្មែរក្រោមមើលឃើញថា អាជ្ញាធរខ្មែរមួយចំនួននៅចាត់ទុកខ្មែរក្រោម ថាជាជនជាតិវៀតណាម នៅឡើយ បើទោះជាច្បាប់កម្ពុជា បានធានាពីសញ្ជាតិខ្មែររបស់ខ្មែរក្រោមជាខ្មែរតែមួយក៏ដោយ។យោងតាមអង្គការសមាគមខ្មែរកម្ពុជាក្រោម ប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីនៃប្រទេសកម្ពុជា មានប្រហែល ១លាននាក់ ហើយប្រមាណ ៨លាននាក់ផ្សេងទៀត កំពុងរស់នៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ។