ថ្នាក់ដឹកនាំប្រមាណជាង ៣០០នាក់ ជួបជុំគ្នាជាផ្លូវការនៅក្នុងសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០១៤ នៅថ្ងៃទី២៧ កុម្ភៈ បានស្វែងរកយុទ្ធសាស្ត្រថ្មីដើម្បីជំរុញសមត្ថភាពកម្ពុជា អាចចូលទៅក្នុងទីផ្សារក្នុងតំបន់ប្រកបដោយភាពប្រកួតប្រជែង។ ថ្នាក់ដឹកនាំទាំងនោះ ភាគច្រើនមកពីខាងរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ជាក់ថា គោលនយោបាយអាទិភាពចំនួន៤ ដែលត្រូវយកចិត្តទុកដាក់នោះ រួមមានទីមួយការអភិវឌ្ឍធនធានមនុស្ស ទីពីរ ការវិនិយោគបន្ថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទីបី ការលើកកម្ពស់កិច្ច សម្រួលពាណិជ្ជកម្ម និងទីបួន ការពង្រឹងអភិបាលកិច្ច ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័នរដ្ឋ៖ «កិច្ច ខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងក្លាថែមទៀត លើការដ្ឋានកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលអាណត្តិទីប្រាំនេះ ឈានទៅពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងកម្រិតតំបន់ និងពិភពលោក ព្រមទាំងការកែលម្អបរិយាកាសពាណិជ្ជកម្ម និងអាជីវកម្ម»។
លោកបន្ថែមទៀតថាស្ថាប័នទាំងអស់ ត្រូវតែធ្វើកម្មវិធីកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីចូលរួមនៅក្នុងទីផ្សារប្រកបដោយភាពប្រកួតប្រជែងនៅក្នុង តំបន់និងពិភពលោក។ ក្រៅពីនេះ លោកហ៊ុន សែនស្នើឲ្យគណបក្ស ប្រឆាំងចូលរួមនៅក្នុងកម្មវិធីកំណែទម្រង់របស់ រាជរដ្ឋាភិបាលនៅអាណត្តិទី៥នេះដែរ។ (ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរី ចេញផ្សាយកាលពីរសៀលថ្ងៃទី២៧ កុម្ភះម្សិលម៉ិញ)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៤ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៤។ RFA/An Sithav