គណបក្សនយោបាយចំនួន ៥ បានចុះបញ្ជី ដាក់ឈ្មោះបេក្ខជន ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ដំណើរការចុះបញ្ជីគណបក្សនយោបាយ និងចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចាប់ផ្តើមពីថ្ងៃទី២៧កុម្ភៈ រហូតដល់ថ្ងៃទី៣មីនា។ រីឯថ្ងៃបោះឆ្នោត នឹងធ្វើឡើង នាថ្ងៃទី១៨ឧសភា។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបព្ជាក់ថា គណបក្សដែលបានចុះបញ្ជីដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាទាំង ៥នោះ រួមមានៈ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះដាក់បេក្ខជន នៅគ្រប់មណ្ឌលបោះឆ្នោត គឺនៅខេត្តរាជធានីទាំង ២៥ និងនៅក្រុងស្រុកខណ្ឌ សរុបចំនួន ១៩៧ នៅទូទាំងប្រទេស។ ចំណែកគណបក្សសង្គ្រោះជាតិ ចុះឈ្មោះនៅ ២៤ ខេត្តរាជធានី ក្រុងស្រុក ចំនួន ១៥៨ និងនៅខណ្ឌ ចំនួន ១២។ គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ២ ខេត្ត-ក្រុង ៣ និងស្រុក ១៦។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចុះឈ្មោះនៅស្រុក ១ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅខេត្ត ២ និងស្រុក ១។