ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានប្រាប់ VOD នៅព្រឹកថ្ងៃចន្ទម្សិលម៉ិញថា សហព័ន្ធសហជីព និងសមាគមទាំង១៨ នៅតែប្រកាន់ជំហរក្នុងការធ្វើកូដកម្មមិនធ្វើការក្នុងថ្ងៃទី១២ ខែមីនាដដែល។ លោកបន្តថាកូដកម្មនេះ គឺតម្រូវឲ្យកម្មករឈប់ធ្វើការចាប់ពីព្រឹកថ្ងៃទី ១២ ដល់ ១៥ ខែមីនា ដើម្បីទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារ ក្នុងមួយខែ។
បុគ្គលិកផ្នែកច្បាប់របស់សហព័ន្ធសហជីពសេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា លោក យ៉ាន់ រ័ត្នកែវពិសី មានប្រសាសន៍ថា កម្មករប្រហែលជា២ទៅ៣ម៉ឺននាក់ នឹងចូលរួមក្នុងការធ្វើកូដកម្មនោះ ដោយអ្នកខ្លះនៅផ្ទះ មិនទៅធ្វើការ ហើយអ្នកខ្លះទៀតនឹងត្រលប់ទៅស្រុកកំណើតវិញ។ ហើយចំពោះការធ្វើកូដកម្មនេះ សហព័ន្ធសហជីព ក៏ដូចជាសមាគមទាំង១៨ បានដាក់លិខិតជូនដំណឹងទៅក្រសួងការងាររួចហើយ។