ក្រោយការចរចាកាលពីថ្ងៃទី១០មីនា ដើមសប្តាហ៍ដោយមិនបានសម្រេចលទ្ធផលអ្វីនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ មីនាម្សិលម៉ិញនេះ បានប្រកាសបញ្ឈប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយថាបាតុ កម្មទ្រង់ទ្រាយធំនឹងផ្ទុះឡើងវិញ។ លោក សម រង្ស៊ីអះអាងថា គណបក្សសង្គ្រោះជាតិនឹងវិលចូលតុចរចាឡើងវិញប្រសិនបើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានកែទម្រង់តាមការទាមទារបស់បក្សខ្លួន។ ការប្រកាស បែបនេះត្រូវបានគេដឹងថា ធ្វើឡើងនៅក្នុងវេទិការសាធារណៈនៅស្រុកអូរាំងឪ ខេត្តកំពង់ចាម និងដែលត្រូវបានវិទ្យុបារាំងអន្តរជាតិ យកមកចេញផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីរសៀលម្សិលម៉ិញ។
គេហទំព័រដដែលនេះបានដកស្រង់បន្ថែមថា លោក សម រង្ស៊ី ក៏បានចោទគណបក្សប្រជាជនកម្ពុជាថា គ្មានឆន្ទៈស្មោះត្រង់ណាមួយដែលចង់ឱ្យមានកំណែទម្រង់ស្ថាប័ន ការបោះឆ្នោតនោះទេ ហើយថា ជម្រើសរបស់គណបក្សសង្គ្រោះជាតិ គឺគ្មានអ្វីក្រៅពីបាតុកម្មនោះឡើយ។
ដោយឡែកគណបក្សកាន់អំណាចសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់មេ បក្សប្រឆាំងដែលទាត់ចោលតុចរចា និងជ្រើសរើសយកបាតុកម្មនោះ។ តាមរយៈលោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃការរិយាល័យនយោបាយគណបក្សប្រជាជន បានស្នើឱ្យគណបក្សសង្គ្រោះជាតិវិលចូលសភា ហើយតស៊ូមតិក្នុងសភាជាការប្រសើរជាង។
ប៉ុន្តែលោក ម៉ៅ មុន្នីវណ្ណ សមាជិកគណកម្មការចម្រុះរបស់គណបក្សសង្គ្រោះជាតិ បានអះអាងថា នៅថ្ងៃព្រហស្បតិ៍ទី១៤ មីនានេះ គណបក្សសង្គ្រោះជាតិ នឹងសរសេរលិខិតជាផ្លូវការជូនគណបក្សប្រជាជនដើម្បីឱ្យដឹងច្បាស់ថា តើគណបក្សប្រជាជននឹងលើកយកបញ្ហាគណៈកម្មាធិការរៀបចំការបោះឆ្នោត ជារបៀបវារៈនៃការចរចាថ្ងៃទី១៧ មីនាឬយ៉ាងណា។ លោក ម៉ៅ មុនីវណ្ណ សង្កត់ធ្ងន់ថា បើមិនមានការឆ្លើយតបជាវិជ្ជមានណាមួយពីគណបក្សកាន់អំណាចនោះទេ គណបក្សសង្គ្រោះជាតិនិងផ្តាច់ផ្លូវចរចា ហើយធ្វើបាតុកម្ម។