ការប្រជុំតុមូលជាមួយយុវជនគណបក្សនយោបាយ និស្សិត និងអង្គការដៃគូ ស្តីអំពីការកែទម្រង់ការបោះឆ្នោត ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលមតិយោបល់ អនុសាសន៍ ស្តីពីកំណែទម្រង់ការបោះឆ្នោត នៅថ្នាក់មូលដ្ឋាន ជាពិសេសម្ចាស់ឆ្នោតជាយុវជន និងអ្វីដែលពួកគេចង់បាន ដើម្បីធ្វើឱ្យប្រសើរឡើង សំរាប់ការរៀបចំការបោះឆ្នោតអណត្តិក្រោយទៀត។
កាលពីដើមខែកុម្ភះកន្លងទៅនេះ បណ្តាញខុមហ្វ្រែលថ្នាក់មូលដ្ឋានបានរៀបចំកិច្ចពិភាក្សាតុមូល ស្តីពីកំណែទម្រង់ការបោះឆ្នោត ដោយផ្តោតទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ វេទិការនេះបានរៀបចំឡើងនៅក្នុងឃុំ-សង្កាត់ចំនួនពីរ គឺឃុំពួក នៃខេត្តសៀមរាប និងឃុំបាសាក់នៃខេត្តស្វាយរៀង ដោយមានចំនួនអ្នកចូលរួមសរុបចំនួន២២នាក់ (ស្រ្តី១២ នាក់) ដែលភាគច្រើនជាយុវជន។
អ្នកចូលរួមបានលើកឡើង និងស្នើនូវចំនុចមួយចំនួនដូចជា៖
-ឲ្យធ្វើការចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ ហើយធ្វើជាប្រចាំនៅឃុំ-សង្កាត់
-ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះការផ្សព្វផ្សាយឲ្យបានទូលំទូលាយ
-ការឃោសនាតាមរលកធាតុអាកាសអោយបានស្មើភាព ទាំងឯកជន និងរដ្ឋ និងប្រើប្រាស់ថវិកាឃោសនា ត្រូវកំណត់តាមគណបក្សអោយបានស្មើភាព
-កាលបរិច្ឆេទ ការបោះឆ្នោតត្រូវធ្វើចំរដូវប្រាំងក្នុងចន្លោះខែ (១-៣)
-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា/សង្កាត់ សុំឲ្យបោះឆ្នោតជាឯកត្តនាម ដើម្បីឲ្យសមតាមចិត្តអ្នក ដែលស្រឡាញ់បុគ្គល
ជាអនុសាសន៍ចុងក្រោយក្នុងកម្មវិធីអ្នកចូលរួមបានលើកឡើងថា៖
-ត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។
-ត្រូវបង្កើតច្បាប់ប្រើប្រាស់ថវិកាសំរាប់ ឃោសនាបោះឆ្នោតឲ្យបានច្បាស់លាស់។
-ការប្រកាសលទ្ធផលបោះឆ្នោតឲ្យបានយ៉ាងលំអិត តាមឃុំ/សង្កាត់នីមួយៗផ្សព្វផ្សាយឲ្យបានទូលំ ទូលាយតាមរលកធាតុអាកាស វិទ្យុ ទូរទស្សន៍គ្រប់ស្ថានីយ៍ទូទាំងប្រទេស។
-សុំឲ្យអង្គការខុមហ្រ្វែល ជួយផ្សព្វផ្សាយការបោះឆ្នោតឲ្យបានទូលំទូលាយ និងមានធ្វើវេទិកាជួបជាមួយ ប្រជាពលរដ្ឋផង