ត្រឡប់ក្រោយ

សាលា​រាជធានី​មិនអនុញ្ញាតិ​ឲ្យ​សហជីព​ ធ្វើបាតុកម្ម​នៅទីលាន​ប្រជាធិបតេយ្យ ថ្ងៃ០៨មីនាទេ

សាលា រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបដិសេធសំណើររបស់សហជីព សុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ថ្ងៃទី៨មិនា ដោយអះអាងថា ការស្នើសុំនេះ ហួសពីសមត្ថកិច្ច និងទុកឲ្យក្រសួងមហាផ្ទៃជាអ្នកសម្រេច។ នេះ​បើ​យោង​តាម​គេហទំព័រព័ត៌មានវីអូឌី ចេញផ្សាយនារសៀលថ្ងៃទី០៤ មីនា ឆ្នាំ២០១៤។

សុខ ឈុនអឿន ប្រធានស្តីទីIDEA មានប្រសាសន៍ក្រោយពីកិច្ចពិភាក្សាថា សាលារាជធានី មិនអនុញ្ញាតឲ្យសហជីពជួបជុំនៅទីលានប្រជាធិបតេយ្យនៅថ្ងៃ៨ខែមិនា ដែលជាទិវាសិទ្ធិនារីឡើយ ដោយទុកឲ្យក្រសួងមហាផ្ទៃ​ជាអ្នក​សម្រេច។

តែទោះជាយ៉ាងណា លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ធ្លាប់ប្រាប់VODថា លោកនៅតែប្រកាន់ជំហរធ្វើបាតុកម្មនៅថ្ងៃទី ៨ ខែ មិនា បើទោះជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយ។

កន្លងទៅ តំណាងសហជីពទាំង ១៦ បានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ស្តីពីបាតុកម្មក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល និងនយោជកដោះស្រាយបញ្ហាចំនួន៧ចំណុច ក្នុងនោះមាន៖
១-សុំឲ្យដោះលែងជនជាប់ចោទទាំង២១នាក់ និងទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់លើអ្នកទាំង២៣នាក់
២-សុំឲ្យមានការចរចាឡើងវិញលើប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ 
៣-ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សានិងសម្លាប់កម្មករ ព្រមទាំងផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង 
៤-រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈរបស់ប្រជាពលរដ្ឋចេញវិញ និងលុបចោលការព្យួរការចុះបញ្ជីការអង្គការវិជ្ជាជីវៈពីក្រសួងការងារ 
៥-តំណាងក្រុមហ៊ុនទាំងអស់ត្រូវដកបណ្តឹងដែលប្រឆាំងសហជីព និងកម្មករនិយោជិត
៦-សុំទទួលយកកម្មករដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ ព្រមទាំងផ្តល់ប្រាក់រម្លឹក និងអត្ថប្រយោជន៍ផ្សេងៗ និង
៧-ចំនុចទី៧ ត្រូវទូទាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ជូនដល់កម្មករ ដែលនិយោជកបានកាត់ ក្នុងអំឡុងពេលធ្វើកូដកម្ម។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា