ត្រឡប់ក្រោយ

សាលា​ដំបូង​រាជ​ធានី​ចាត់​ទុក​ថា ​បណ្តឹង​ប្រឆាំង​លោក​ហ៊ុន សែន ​មិន​មានភ័ស្តុ​តាង​គ្រប់​គ្រាន់

សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងព្រហស្បតិ៍នេះ បានសម្រេចថា ពាក្យបណ្តឹងរបស់យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ប្រឆាំងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពីបទធ្វើឲ្យបាត់ដែនដីកោះមួយចំនួន ទៅលើប្រទេសវៀតណាមនោះ មិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បានទេ។
បន្ទាប់ពីចូលបំភ្លឺតាមដីការបស់ ព្រះរាជអាជ្ញារង  លោក មាស ច័ន្ទពិសិដ្ឋ លោក នាង សុឃុន  ជាម្ចាស់បណ្តឹង ថ្លែងទៅអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញថា បើទោះជាតុលាការចាត់បណ្តឹងនេះមិន មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់ តែលោកមានជំនឿចិត្តថា ជនល្មើសនឹងត្រូវផ្តនា្ទ ទោសតាមច្បាប់ ហើយកោះត្រល់ និងកោះក្រចកសេះ នឹងត្រូវប្រគល់មកកម្ពុជា តាមរយៈយន្តការអន្តរជាតិ។ លោក នាង សុឃុន  ឲ្យដឹងទៀតថា នៅថ្ងៃទី ៧ ខែមិនា លោក នឹងយកភ័ស្តុតាងបន្ថែមទៀតដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យតុលាការពន្លឿននូវពាក្យបណ្តឹងរបស់ខ្លួន។
យោងតាមគេហទំព័រវីអូឌីដែលបានចេញផ្សាយថ្ងៃ២៧ កុម្ភះនេះ ពាក់ព័ន្ធអ្នកស្រាវជ្រាវបញ្ហាព្រំដែនសមុទ្រ លោក ហុង សុខហូ ឲ្យដឹងថា នៅខែមករា ឆ្នាំ១៩៣៩ លោក Previe(ប្រេវីយេ) មានលិខិតពីរផ្នែក ដែលផ្នែកទី១ សរសេរថា កោះទាំងឡាយដែលនៅខាងត្បូងបន្ទាត់ប្រេវីយេ ១៤០ អង្សារ គឺនៅក្រោមការត្រួតត្រារដ្ឋបាលរបស់កូសាំងស៊ីន ជំនាន់នោះ ។ ចំណែកផ្នែកទី២ សរសេរថា កោះត្រល់ជាកោះរបស់ខ្មែរ នៅតែជាកោះរបស់ខ្មែរដដែល ដោយ​គេ​បាន​ប្រើ​ពាក្យ​ថា អនិស្សរៈភាព ដែលផ្ទុយអំពីពាក្យឯករាជ្យភាព។
គេហទំព័រដដែលនេះបានបន្តទៀតថា លោក ហុង សុខហូ ឲ្យដឹងថា កោះត្រល់ ត្រូវបានលោក ហ៊ុន សែន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ចុះហត្ថលេខាលើសន្ធិសញ្ញា ឆ្នាំ១៩៨២ ឲ្យទៅវៀតណាម  ដែលគ្រានោះកម្ពុជា ស្ថិត​នៅ​ក្រោម​ការត្រួតត្រារបស់វៀតណាម ដូច្នេះការបាត់កោះនេះ គឺស្ថិតក្រោមគំនាបនយោបាយ។ លោកចាត់ទុកថា សន្ធិសញ្ញានៅឆ្នាំ១៩៨២នោះ សន្ធិសញ្ញាមិនស្របច្បាប់ ប៉ុន្តែផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែម នៅឆ្នាំ២០០៥ បានធ្វើឲ្យសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២នោះ ក៏ដូចជាសន្ធិសញ្ញាឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៥ ទៅជាស្របច្បាប់វិញ។

លោក នាង សុឃុន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ (រូបថត៖ តាត ឧត្តម)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា