ត្រឡប់ក្រោយ

គណ​បក្ស​នយោបាយ​ចំនួន​៥ បាន​ចុះ​បញ្ជី​ដាក់​បេក្ខជន​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ​

គណបក្សនយោបាយចំនួន ៥ បានចុះបញ្ជី ដាក់ឈ្មោះបេក្ខជន ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ដំណើរ​ការ​ចុះ​បញ្ជី​គណ​បក្សនយោបាយ និងចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចាប់ផ្តើមពីថ្ងៃទី២៧កុម្ភៈ រហូតដល់ថ្ងៃទី៣មីនា។ រីឯថ្ងៃបោះឆ្នោត នឹងធ្វើឡើង នាថ្ងៃទី១៨ឧសភា។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបព្ជាក់ថា គណបក្សដែលបានចុះបញ្ជីដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាទាំង ៥នោះ រួមមានៈ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះដាក់បេក្ខជន នៅគ្រប់មណ្ឌលបោះឆ្នោត គឺនៅខេត្តរាជធានីទាំង ២៥ និងនៅក្រុងស្រុកខណ្ឌ សរុបចំនួន ១៩៧ នៅទូទាំងប្រទេស។ ចំណែកគណបក្សសង្គ្រោះជាតិ ចុះ​ឈ្មោះ​នៅ ២៤ ខេត្តរាជធានី ក្រុងស្រុក ចំនួន ១៥៨ និងនៅខណ្ឌ ចំនួន ១២។ គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ២ ខេត្ត-ក្រុង ៣ និងស្រុក ១៦។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចុះឈ្មោះនៅស្រុក ១ និង​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅខេត្ត ២ និងស្រុក ១។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា