ត្រឡប់ក្រោយ

ពលរដ្ឋ​នៅប៊ុល​ឌីង​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ជួយ​ទិញ​អគារ ​ក្នុង​តម្លៃ​សមរម្យ​ដើម្បី​ឲ្យ​ពួក​គាត់​មានល​ទ្ធភាព​រក​កន្លែងរ​ស់នៅ​បានសមរម្យជាងនេះ​

ប្រជាពលរដ្ឋ កំពុងរស់នៅអគារប៊ុលឌីង ដែលត្រូវបានសាងសង់តាំងពីទសវត្សរ៍ទី៦០ អំពាវនាវឲ្យរដ្ឋាភិបាលជួយទិញអគារដែលពួកគាត់កំពុងរស់នៅ ក្នុងតម្លៃមួយសមរម្យ អាចទទួលយកបាន ខណៈអគារនោះ មាន​លក្ខណៈ​ចាស់​ទ្រុឌ​ទ្រោមទៅហើយ។ នេះបើតាមគេហទំព័រវីអូឌី ដែលបានចេញផ្សាយកាលពីម្សិលម៉ិញ។

គេហទំព័រដដែលនេះបានដកស្រង់សំដីប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌីង លោក មួង សុខនាថ និងអ្នកស្រី កែវ សុខា ថា អគារនេះសាងសង់ឡើងតាំងពីសម័យបារាំង ហើយឥឡូវនេះ មានលក្ខណៈ​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ និងមានការបារម្ភពីសុវត្ថិភាព ព្រោះថាអគារពុកផុយដោយកន្លែង ព្រមទាំងមានអាយុកាលយូរយារណាស់មកហើយ។ ពួកគាត់បានអំពាវនាវឲ្យរដ្ឋាភិបាលជួយទិញអគារនេះ ដោយផ្តល់តម្លៃមួយសមរម្យជូនដល់ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់មានលទ្ធភាពរកកន្លែងរស់នៅបានសមរម្យជាងនេះ «ជួយទិញអ៊ីចឹងទៅ ការដោះដូរធ្វើម៉េចឲ្យវាសមស្រប គេទទួលយកបាន ម្នាក់ៗ មាននរណាគេចង់មករស់នៅកន្លែងអ៊ីចឹងៗ»។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក បេង ហុងសុជាតិខេមរ៉ូ មានប្រសាសន៍ថា អគារប៊ុលឌីងពិតជាមានអាយុវ័យចំណាស់មែន តែរដ្ឋមិនអាចធ្វើអ្វីបាននោះទេ ព្រោះវាជាទ្រព្យសម្បត្តិឯកជន។ លោក​បន្ត​ថា ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ដែលរស់នៅលើអគារនោះ អាចស្នើសុំទៅរដ្ឋាភិបាលប្រសិនជាមានការបារម្ភពីភាពពុកផុយនៃអគារ នោះ ដើម្បីឲ្យរដ្ឋាភិបាលចុះត្រួតពិនិត្យ និងរកដំណោះស្រាយទៅតាមសភាពជាក់ស្តែង។

កាលពីដើមខែកញ្ញា ឆ្នាំ២០១០ សាលារាជធានីភ្នំពេញ បានជូនដំណឹងថា អ្នករស់នៅក្នុងតំបន់អតីតប៊ុលឌីងស ក្នុងខណ្ឌចំការមន អាចត្រូវបានបង្ខំឲ្យចាកចេញពីអគារ ប្រសិនបើអ្នកជំនាញសាលាក្រុងរកឃើញថា អគារនេះ ទ្រុឌ​ទ្រោម និងគ្មានសុវត្ថិភាព។ លិខិតនោះបានឲ្យដឹងថា ដើម្បីជៀសវាងគ្រោះថ្នាក់ សាលារាជធានីបានបង្គាប់ប្រជាជនទាំងអស់ ដែលកំពុងរស់នៅ ឲ្យឈប់ជួសជុល ឬសាងសង់សំណង់បន្ថែម ពីលើអគារដែលមានស្រាប់ បើ​គ្មាន​ការ​អនុញ្ញាត​ពីមន្ត្រីជំនាញ ព្រមទាំងត្រៀមខ្លួនដើម្បីចាកចេញពីអគារ ទៅរកទីកន្លែងថ្មីរស់នៅ។

ពលរដ្ឋអះអាងថា រហូតមកដល់ពេលនេះ អគារប៊ុលឌីងនេះ មានពលរដ្ឋជាង១០០០គ្រួសារ កំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត៕

 

(រូបថតដោយកាន់ វិច្ឆិកា)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា