ត្រឡប់ក្រោយ

កង​កម្លាំង​ប៉ូលីស​ប្រមាណ​២០០០នាក់ ហាត់​ត្រៀម​ដើម្បី​ការ​ពារ​បាតុ​កម្ម​

យោងតាមគេហទំព័រកោះសន្តិភាពដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០៧ មីនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា កងកម្លាំងប៉ូលិសនៃស្នងការដ្ឋានរាជធានីភ្នំពេញប្រមាណជាង ២០០០នាក់ ដែលមានបំពាក់ដោយខែល ដំបង អាវក្រោះ និងមួកការពារសុវត្ថិភាពបានប្រមូលផ្ដុំធ្វើសមយុទ្ធនៅ ក្នុងពហុកីឡដ្ឋានអូឡាំពិកកាលពីរសៀលថ្ងៃទី៦ មីនា  ។  គេហទំព័រដដែលបានបន្តថា ការប្រមូលផ្ដុំធ្វើសមយុទ្ធនេះក៏មិនមែនជារឿងចៃដន្យ នោះឡើយ ហើយត្រូវបានក្រុមអ្នកតាមដានដឹងថា នេះជាការហាត់សមត្រៀមកម្លាំងបង្ក្រាបការជួបជុំខុសច្បាប់ណា មួយរបស់កម្មករដែលដឹកនាំដោយក្រុមសហជីពនិងសមាគមចំនួន១៨ ក្នុងន័យនយោបាយ ដែលប្រកាសថា ទោះបីសាលារាជធានីមិនអនុញ្ញាតឱ្យមានការធ្វើវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៨ មីនា ខាងមុខក្ដី ក៏ពួកគេនៅតែធ្វើដែរ ។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សមយុទ្ធដែលរៀបចំឡើងនេះមានកងកម្លាំងចូលរួមមកពីខណ្ឌទាំង៩ និងការិយាល័យចំណុះឱ្យស្នងការដ្ឋាន ។ ជាមួយនឹងការបង្ហាញកម្លាំងប្រដាប់ដោយខែល និងដំបងនោះ ក៏មានរថយន្តបំពាក់ដោយរបាំងការពារសម្រាប់រុញច្រានបាតុករ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះផងដែរ។ លោកឧត្តមសេនីយ៍មានប្រសាសន៍ថា ការហាត់ធ្វើសមយុទ្ធនេះ ជាការពិតណាស់ គឺដើម្បីត្រៀមការពារបាតុកម្មនៅថ្ងៃ៨ មីនា និងថ្ងៃ១២ មីនា ខាងមុខ ដែលគេបំពានច្បាប់ ។

ក្នុងនោះផងដែរអ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានដកស្រង់ប្រសាសន៍ដោយបណ្ដាញផ្សព្វផ្សាយព័ត៌មានថា ការអញ្ជើញថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឬឧបនាយករដ្ឋមន្ត្រីឱ្យចូលរួមវេទិកាសាធារណៈ គឺខុសរដ្ឋធម្មនុញ្ញ  ដោយការកោះអញ្ជើញថ្នាក់ឧបនាយករដ្ឋមន្ត្រីទាល់តែតំណាងរាស្ត្រជាប់ឆ្នោត ទើបមានសិទ្ធិកោះហៅមកសាកសួរ និងឆ្លើយបំភ្លឺ ។ លោកបន្តថា តំណាងសហជីពមុននឹងអញ្ជើញថ្នាក់ដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ គួរតែមានអង្គការចាត់តាំងមួយ ឬធ្វើតាមនីតិវិធីច្បាប់ ។  ក្រសួងមហាផ្ទៃកាលពីថ្ងៃពុធ ទី៥ មីនា បានបញ្ជាក់ជំហរថា នឹងមិនអនុញ្ញាតឱ្យធ្វើវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែមីនា នោះទេ ៕

ទិដ្ឋភាពរួមនៃការហាត់សមក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក(កោះសន្តិភាព)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា