ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​ស្នើ​សុំ​ឲ្យ​ពិភាក្សា​គ្នា​ឡើង​វិញ​ពីលទ្ធភាព​នៃ​ការបោះឆ្នោត​ជា​កញ្ចប់​សម្រាប់​ការបោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​

តំណាងអង្គការឃ្លាំមើលការបោះឆ្នោតសំខាន់ៗចំនួនពីរនៅកម្ពុជា បានលើកឲ្យមានការពិភាក្សាឡើងវិញអំពីលទ្ធភាពនៃការបោះឆ្នោត ជាកញ្ចប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង រាជធានី ស្រុកនិងខណ្ឌ។ នេះបើតាមគេហទំព័រវីអូអេជាខេមរភាសារដែលបានចេញផ្សាយកាលពីថ្ងៃទី០៨ មីនា ឆ្នាំ២០១៤។
គួររំលឹកផងដែរថាក្រុមអង្គការយុវជនក្នុងពេលថ្មីៗបានស្នើឲ្យរដ្ឋាភិបាលប្តូរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុកនិងខណ្ឌឲ្យទៅជាការបោះឆ្នោតសកលវិញនិងជំរុញឲ្យបញ្ចូល បេក្ខជនជាយុវជនឲ្យបានច្រើនក្នុងការបោះឆ្នោតនេះ។

ការលើកឡើងនេះស្របពេលដែលប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុង រាជធានី ស្រុកនិងខណ្ឌនៅថ្ងៃទី១៨ខែឧសភា ខាងមុខនេះ។ និងមានគណបក្សនយោបាយចំនួនប្រាំបានចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកនិងខណ្ឌនេះ។

គេហទំព័រដដែលនេះបានដកស្រង់សំដី លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិង យុត្តិធម៌នៅកម្ពុជាហៅកាត់ថាខុមហ្វ្រែលមានប្រសាសន៍ថាការធ្វើការ បោះឆ្នោតបែបនេះបានជំរុញលទ្ធិប្រជាធិបតេយ្យផងនិងកាត់បន្ថយការ ចំណាយលើការរៀបចំការបោះឆ្នោតច្រើនដងផង៖ «បើយើងដាក់ជាមួយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់យើងគ្រាន់តែ បន្ថែមសន្លឹកឆ្នោតនិងហិបឆ្នោតហើយឧទាហរណ៍ យើងមានសន្លឹកឆ្នោតពណ៌លឿងសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់។ហើយ សន្លឹកឆ្នោតពណ៌បៃតងសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ដូច្នេះ គាត់បោះឆ្នោតក្នុងថ្ងៃតែមួយ ដាក់ក្នុងហិបឆ្នោតពីរផ្សេងគ្នា។ហើយយើងបានការបោះឆ្នោតផ្ទាល់ពី ប្រជាជនផងនិងទី២យើងបានសន្សំថវិកាទៀត»។ លោកគល់ បញ្ញា រំលឹកថាសង្គមស៊ីវិលបានបង្ហាញគំនិតនេះជាច្រើនលើកមកហើយប៉ុន្តែមិន មានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលនោះទេ។

ជាមួយគ្នានេះផងដែរលោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិតនិងយុត្តិធម៌ដើម្បីការ បោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅថានិកហ្វិកមានប្រសាសន៍ ថាវាមានផលចំណេញស្រាប់ការប្តូរពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុកនិងខណ្ឌឲ្យពីអសកលទៅជាការបោះឆ្នោតសកល។ហើយជាពិសេសការ បោះឆ្នោតប្រព្រឹត្តទៅចំថ្ងៃតែមួយជាមួយនឹងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់។

លោកជាម យៀប ជាតំណាងរាស្ដ្រនិងជាសមាជិកក្រុមចរចាបច្ចេកទេសរបស់គណបក្ស ប្រជាជនកម្ពុជាអំពីកិច្ចការកែទម្រង់បោះឆ្នោត បានមានប្រសាសន៍ថាការកែប្រែរបៀបបោះឆ្នោតណាមួយតម្រូវឲ្យធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតឬរដ្ឋធម្មនុញ្ញតាមសំណើរបស់រដ្ឋាភិបាល។ លោកជឿថាការបោះឆ្នោតជាកញ្ចប់រវាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុកនិងខណ្ឌនឹងបង្កឲ្យមានភាពស្មុគស្មាញ និងនាំឲ្យប្រជាជនមានការភ័ន្តច្រលំ។ ម្យ៉ាងការបោះឆ្នោតនេះជាការបោះឆ្នោតអសកលមិនត្រូវការចំណាយច្រើននោះទេ ដោយសារតែអង្គ បោះឆ្នោតមានចំនួនតិចដូច្នោះវិសាលភាពនៃការរៀបចំការបោះឆ្នោតរួមតូច ដែរ។

 ចំនែកលោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពន្យល់ថាការកែ ប្រែការបោះឆ្នោតណាមួយមិនមែនជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនោះទេ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា