ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​​អំពាវ​នាវ​សុំឲ្យមាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ ​ការ​ចូល​រួមពេញ​លេញ​ក្នុង​ដំណើរ​ការ​តាក់​តែង​ច្បាប់​

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមជាមួយនឹងគណៈកម្មការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារ សិទ្ធិមនុស្សហៅកាត់ថា CHRAC សម្ដែងការព្រួយបារម្ភខ្លាំងចំពោះសេចក្ដីព្រាងច្បាប់ទាំងឡាយពាក់ ព័ន្ធនឹងការកែទម្រង់ច្បាប់និងប្រព័ន្ធតុលាការដែលជាអ្វីអង្គការ សង្គមស៊ីវិលមើលឃើញថាខ្វះដំណើរប្រកបដោយតម្លាភាពជាមួយសាធារណៈ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រនៃវិទ្យុអេប៊ីស៊ីអូស្រ្តាលីជាខេមរភាសារដែលបានចេញផ្សាយកាលពីថ្ងៃទី១០ មីនា ម្សិលម៉ិញនេះ។

គេហទំព័រដដែលនេះបានដកស្រង់លិខិតបើកចំហផ្ញើជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះថ្ងៃទី៧មីនា ឆ្នាំ២០១៤ ដោយមានការចុះហត្ថលេខាដោយប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ និង ប្រធានអង្គការ CHRAC លោក សួន ប៊ុនស័ក្ដិ និយាយថាអង្គការសង្គមស៊ីវិលស្វាគមន៍ចំពោះ "ការប្ដេជ្ញារបស់រដ្ឋាភិបាលក្នុងការអនុម័តច្បាប់មូលដ្ឋានសំខាន់ ដែលមានការចាំបាច់ជាខ្លាំងដើម្បីធានានូវឯករាជ្យភាព និងភាពឥតលម្អៀងរបស់តុលាការ"។

ប៉ុន្តែលោក សួន ប៊ុនស័ក្ដិ មានប្រសាសន៍ប្រាប់វិទ្យុអូស្រ្តាលីថា សង្គមស៊ីវិលសូមអំពាវនាវសុំឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ ការការចូលរួមពេញលេញក្នុងដំណើរការតាក់តែងច្បាប់។

លិខិតចំហនេះ ក៏បានធ្វើការកត់សម្គាល់ផងដែរថារដ្ឋាភិបាលកម្ពុជាគ្រោងនឹង អនុម័តសេចក្ដីព្រាងច្បាប់មូលដ្ឋានទាក់ទងនឹងតុលាការ ដែលនឹងធ្វើឡើងក្នុងឆមាសដំបូងនៃឆ្នាំ ២០១៤ នេះ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា