ត្រឡប់ក្រោយ

លោក​សម រង្ស៊ី​ ផ្ញើ​របាយការណ៍​០៩​ចំណុច ​ទៅម្ចាស់​ជំនួយ ​អំពី​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជា​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ ខែមីនាម្សិលម៉ិញ បានចេញរបាយការណ៍មួយទៅកាន់សហគមន៍ការទូតបរទេស ស្តីអំពីស្ថានការណ៍ នយោបាយនៅប្រទេសកម្ពុជា តាមរយៈអ៊ីម៉េល បានលើកបង្ហាញនូវចំណុចចំនួន ៩ ដែលរួមមានៈ
១- វិវាទនៅតែមានត ចំពោះលទ្ធផលនៃការបោះឆ្នោត ថ្ងៃ២៨ កក្កដា ២០១៣។ លទ្ធផលដែលប្រកាសក្រោមបញ្ជាគណបក្សប្រជាជនកម្ពុជា គឺជាការបំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរ។
២- គណបក្សប្រជាជនកម្ពុជា មិនព្រមឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតនេះ។
៣- ដោយសារគណបក្សសង្គ្រោះជាតិមិនព្រមចូលប្រជុំសភា រដ្ឋសភាឯកបក្សសព្វថ្ងៃ មានលក្ខណៈខុសច្បាប់ ពីព្រោះផ្ទុយពីរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យប្រទេសកម្ពុជាប្រកាន់ របបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។
៤- រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ដែលចេញពីរដ្ឋសភាឯកបក្សខុសច្បាប់ ក៏ជារដ្ឋាភិបាលខុសច្បាប់ដែរ ហើយនេះជាការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសថែមទៀត។
៥- ក្នុងការបង្ក្រាបការតវ៉ារបស់ប្រជារាស្ត្រ ពីការលួចបន្លំសន្លឹកឆ្នោត និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត រដ្ឋាភិបាលលោក ហ៊ុន សែន ប្រើអំពើហិង្សាកាន់តែខ្លាំង ហើយមិនញញើតសម្លាប់កម្មករ ដែលគ្រាន់តែទាមទារដំឡើងប្រាក់ខែប៉ុណ្ណោះ។
៦- ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏បានរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ស្តីពីសេរីភាពសម្តែងមតិ និងសេរីភាពជួបជុំគ្នាតាមកន្លែងសាធារណៈ។
៧- ដើម្បីដោះស្រាយការជាប់គាំងនយោបាយបច្ចុប្បន្ន គណបក្សសង្គ្រោះជាតិទាមទារឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោតកន្លងទៅ ឬក៏ឲ្យមានការបោះឆ្នោតឡើងវិញ។ តែគណបក្សប្រជាជនកម្ពុជាច្រានចោលសំណើទាំងពីរនេះ។
៨- ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើប្រធានបទ កែទម្រង់ការបោះឆ្នោត ត្រូវផ្អាក ពីព្រោះគណបក្សប្រជាជនកម្ពុជាមិនព្រមជជែកពីការរៀបចំ (គ.ជ.ប)ឡើងវិញ។
៩- យុទ្ធវិធីគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែពន្យារពេល និងក្រាញអំណាច ដែលជាការធ្វើឲ្យអនាគតប្រទេសកម្ពុជាមានភាពអាប់អួ។
នេះបើយោងតាមគេហទំព័រសម្លេងសារព័ត៌មានសេរី ដែលបានចេញផ្សាយកាលពីថ្ងៃ១០ មីនា ម្សិលម៉ិញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា