មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប ប្រកាសថា រដ្ឋាភិបាលកំពុងពិចារណាធ្វើសេចក្ដីព្រាងច្បាប់ហាមឃាត់អ្នកនយោបាយ ដែលមានសញ្ជាតិពីរមិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតអាណត្តិក្រោយៗ ដោយសារបារម្ភថា អ្នកទាំងនោះមិនគិតប្រយោជន៍ជាតិជាធំ។ នេះបើតាមគេហទំព័រវិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយកាលពីថ្ងៃ១២ មីនា។
គេហទំព័រដដែលនេះបានដកស្រង់បន្តថា លោក ជាម យៀប លើកឡើងថាច្បាប់នេះទាមទារវេលាសិក្សាលម្អិតជាមុនសិន៖ «យើងពិនិត្យមើលការរីកចម្រើននៅក្នុងប្រទេសបច្ចុប្បន្ន យើងពិនិត្យគ្រប់ជ្រុងជ្រោយ ដូចថា ច្បាប់ ឧបមាថា នាយករដ្ឋមន្ត្រីដែលមានសញ្ជាតិ ២ ដូចថា សញ្ជាតិខ្មែរនិងថៃ។ ប្រសិនបើយើងឈ្លោះគ្នាជាមួយថៃ តើនាយករដ្ឋមន្ត្រី អាចកាន់ជើងខាងណា មានជំហរខាងណា? អ៊ីចឹងបញ្ហានេះពិបាកណាស់ ម្ល៉ោះហើយយើងចង់បាននាយករដ្ឋមន្ត្រី និងសភាមានសញ្ជាតិតែមួយ»។
គណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយអះអាងថា សេចក្ដីព្រាងច្បាប់របស់គណបក្សប្រជាជនកម្ពុជា នឹងមិនប៉ះពាល់ទៅដល់មេដឹកនាំគណបក្សប្រឆាំងក្នុងការដឹកនាំប្រទេស ទៅថ្ងៃអនាគតឡើយ។