ត្រឡប់ក្រោយ

សហជីព៤​ ចាប់​ផ្តើមដឹក​នាំកម្មករធ្វើកូដកម្ម​ ខណៈពេល​ដែល​សហព័ន្ធសហជីព​ចំនួន ១៤ បាន​ប្រកាស​ពន្យាពេល​សិន​

សហព័ន្ធសហជីព និងសមាគមចំនួន ១៨ គ្រោងធ្វើកូដកម្មមិនចូលធ្វើការ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនានេះ ដែលជាដំណាក់កាលទីពីរ នៃយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលឲ្យកម្មករ ១៦០ដុល្លារក្នុងមួយខែ និងទាមទារឲ្យរដ្ឋាភិបាលដោះលែងមនុស្ស២១នាក់ បន្ទាប់ពីពួកគេបានធ្វើវេទិកាសាធារណៈស្តីពីសិទ្ធិការងារ នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ។

នៅថ្ងៃពុធម្សិលម៉ិញនេះ កម្មករដែលធ្វើការនៅតាមបណ្តារោងចក្រមួយចំនួន បានធ្វើកូដកម្មមិនចូលធ្វើការ ទៅតាមគម្រោងនៃយុទ្ធនាការរបស់សហជីពចំនួន៤ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ និងលក្ខខណ្ឌការងារសមរម្យ ព្រមទាំងទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំ២១នាក់ ខណៈដែលរដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឲ្យបញ្ឈប់ការធ្វើកូដកម្មនេះ។

សហជីពចំនួន៤នោះ ដែលដឹកនាំកម្មករធ្វើកូដកម្មនោះមាន សហព័ន្ធសហជីពកម្ពុជា សម្ព័ន្ធសហជីពជាតិ សហភាពសហជីពកម្ពុជា និងសហព័ន្ធយុវជនឯករាជ្យ។ នេះបើតាមគេហទំព័រវីអូឌីដែលបានចេញផ្សាយកាលពីថ្ងៃទី១២ មីនា ម្សិលម៉ិញ។

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍នៅព្រឹកថ្ងៃពុធនេះថា រហូតមកដល់ពេលនេះ មានកម្មករប្រហែលជាជាង ១ម៉ឺននាក់ ដែលធ្វើការនៅរោងចក្រប្រមាណជា ៨ទូទាំងប្រទេស បន្តធ្វើកូដកម្ម ដើម្បីទាមទារឲ្យមានការដោះលែងកម្មករ និងសកម្មជន២១នាក់ និងទាមទារប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ។

គេហទំព័រដដែលនេះបានដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដោយបានលើកឡើងថា ការធ្វើកូដកម្មរយៈពេលវែងនេះ មិនខុសច្បាប់នោះទេ ប៉ុន្តែវាមានផលប៉ះពាល់ដល់ការវិនិយោគ។ លោកបានអំពាវនាវឲ្យសហជីព និងកម្មករ បញ្ឈប់ការធ្វើកូដកម្ម និងបាតុកម្មនេះ ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង។

ប៉ុន្តែសហព័ន្ធសហជីពចំនួន ១៤ បានប្រកាសពន្យាពេលធ្វើកូដកម្មនេះ ទៅថ្ងៃទី១៧ ខែមេសាវិញ ដោយមូលហេតុថា មិនចង់ឲ្យមានអំពើហិង្សាកើតឡើងមុនចូលឆ្នាំខ្មែរ ខណៈដែលសហជីពចំនួន ៤នៅតែបន្តធ្វើកូដកម្មនេះ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា