អំពើពុករលួយបានធ្វើឱ្យកម្ពុជាបាត់បង់ថវិកាជាតិប្រមាណ១,៧ពាន់លាន ដុល្លារក្នុងមួយឆ្នាំៗ នេះបើតាម អង្គការពលកម្មអន្តរជាតិ (ILO)ដែលបានលាតត្រដាងព័ត៌មាននេះនៅក្នុងរបាយការណ៍របស់ខ្លួន។ ក្នុងនោះអង្គការ ILOបញ្ជាក់ថាទំហំទឹកប្រាក់ដែលលេចធ្លាយដោយសារអំពើពុករលួយនេះស្មើនឹង១០ភាគ រយនៃផលិតផលដុលសរុប (GDP)។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នេះជាសាធារណៈក្នុងទីក្រុងភ្នំពេញ លោក Fraid Hegazy មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់អង្គការពលកម្មអន្តរជាតិ មានប្រសាសន៍ថា អំពើពុករលួយនេះមានកម្រិតគួរឱ្យព្រួយបារម្ភ ហើយវាជាឧបសគ្គចម្បងសម្រាប់ការធ្វើពាណិជ្ជកម្ម និងការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ របាយការណ៍ខាងលើរបស់អង្គការនេះបានមកពីការចងក្រងឯកសារផ្សេងៗ និង ការធ្វើបទសម្ភាសន៍ជាមួយសហគ្រាសចំនួន៣៥៥ និងកម្មករចំនួន២៥៧នាក់នៅ ទូទាំងប្រទេស។
ក្រុមហ៊ុនទាំងនោះអះអាងថា ជាមធ្យមពួកគេបានចំណាយរហូតដល់៨,៧ភាគរយនៃចំណូលរបស់ខ្លួនទៅលើ ការសូកប៉ាន់នៅឆ្នាំ២០០៨ ដែលកើនពី៥,២ភាគរយនៅឆ្នាំ២០០៣។ របាយការណ៍ដដែលបន្ថែមថា អំពើពុក រលួយនិងការសូកប៉ាន់នេះឆ្លុះបញ្ចាំងពីប្រាក់បៀវត្សរ៍ទាប របស់មន្ត្រីរាជការ កង្វះគណនេយ្យភាព និងភាពធូររលុងក្នុងការអនុវត្តច្បាប់។
ក្រៅពីនោះ របាយការណ៍ក៏បានរៀបរាប់បញ្ហាប្រឈមផ្សេងទៀតសម្រាប់បរិយាកាសវិនិយោគ នៅកម្ពុជាដែរ មានដូចជាកង្វះពលករជំនាញ និងលទ្ធភាពទទួលបានឥណទាន និងបញ្ហារំលោភសិទ្ធិមនុស្សជាដើម។
ក្នុងពេលជាមួយគ្នានេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក៏បានចេញផ្សាយរបាយការណ៍របស់ខ្លួនកម្រាស់២៥ទំព័រនេះបានរកឃើញថា ក្រុមហ៊ុនចំនួន៧០ភាគរយ ដែលមិនបង់កម្រៃសម្រួលការងារ ដែលគេដឹងថា ជាលុយក្រោមតុនេះ ជួបប្រទះនឹងភាពយឺតយ៉ាវ ឬមិនទទួលបានសេវាកម្មពីមន្ត្រីកម្ពុជា នោះទេ។
លោកចាន់ សុផល អ្នកនាំពាក្យសមាគមសេដ្ឋកិច្ចកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យម្នាក់ ថ្លែងថា លោកយល់ថា អំពើពុករលួយក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់ ដែលប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។
រីឯលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលស្គាល់អំពើពុករលួយរបស់មន្ត្រី រាជការនេះ ប៉ុន្តែលោកអះអាងថារដ្ឋាភិបាលកំពុងតែប្រឹងប្រែងលុបបំបាត់អំពើពុក រលួយនេះ។
របាយការណ៍ទាំងពីរផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជាគប្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុក រលួយ លើកកម្ពស់ប្រសិទ្ធិភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងប្រព័ន្ធតុលាការ និងការពង្រឹងតម្លាភាពបន្ថែមទៀតសម្រាប់ការដេញ ថ្លៃជាសាធារណៈនានា។ (ដកស្រង់ពីគេហទំព័រវីអូអេជាខេមរភាសារ ផ្សាយ នៅថ្ងៃពុធ ទី១២ មីនាម្សិលមិញ)។