វេលាម៉ោង ០៩ព្រឹក ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា មន្រី្តជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគណៈកម្មាការចម្រុះកែទម្រង់ការបោះឆ្នោត បានបន្តជួបគ្នានៅវិមានព្រឹទ្ធសភា ដូចដែលបានគ្រោងទុក។ តាមប្រភពព័ត៌មានពីអ្នកសង្កេតការណ៍បានឲ្យថា សមាសភាពគណៈកម្មាការចម្រុះ របស់ គណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក សុន ឆ័យ មានការផ្លាស់ប្តូរ។ ក្នុងជំនួបនេះ គេឃើញមានវត្ដមាន លោក អ៊ូ ច័ន្ទប្ញទ្ធិ និង លោកស្រី មូរ សុខហួរ ដោយ អវត្តមាន លោក អេង ឆៃអៀង និងលោក យ៉ែម បុញ្ញប្ញទ្ធិ។ ចំណែកឯសមាសភាព គណៈកម្មាការកំណែទម្រង់ការបោះឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជា មិនមានការផ្លាស់ប្តូរនោះទេ ដោយដឹកនាំដោយ លោក ប៊ិន ឈិន និង មានសមាជិក០៥ រូបផ្សេងទៀត លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។