ត្រឡប់ក្រោយ

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី​បញ្ជាក់ពីការ​គាំ​ទ្រ​លើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​

បើ​​តាម​សារ​អេឡិចត្រូនិច​​​ពី​​ការិយាល័យ​របស់​រដ្ឋ​មន្រ្តី​ការ​បរទេស​ អូស្រ្តាលី ផ្ញើ​មក​វិទ្យុ​អូស្រ្តាលី​​​នៅថ្ងៃ​ម្សិលមិញ​ ​លោកស្រី Julie Bishop បញ្ជាក់​ថា ក្នុង​អំឡុង​ទស្សនកិច្ច​របស់​​លោកស្រី​នៅ​កម្ពុជាកាល​ពី​ខែ​មុន​នោះ  ​លោកស្រី​​បាន​ពិភាក្សា​អំពី​កំណែ​ទម្រង់​ការបោះឆ្នោត​ដែរ​ជាមួយ​លោក​សម​ រង្ស៊ី។ ហើយ​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​​លោកស្រី​បាន​រៀប​ចំ​ឲ្យ​លោក​សម​រង្ស៊ី ជួប​ជា​មួយ​​លេខាធិការ​រដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​បរទេស គឺ​លោក Brett Mason ជា​សមាជិក​ព្រឹទ្ធសភា​​ដោយសារ​លោកស្រី​មិន​​អាច​ចូល​រួម​បាន​តាម​ការ​ណាត់។ លោកស្រីរដ្ឋ​មន្រ្តីការបរទេស​អូស្រ្តាលី​បាន ​ទូរសព្ទ​ទៅជួប​​លោក​សមរង្ស៊ី​កាល​ពី​យប់​ថ្ងៃពុធ​នោះ​ដែរ​ ដើម្បី​បញ្ជាក់​អំពី​ការ​គាំ​ទ្រ​របស់​ប្រទេ​ស​អូស្រ្តាលី​ចំពោះ​កំណែ​ ទម្រង់​​បោះ​ឆ្នោត និង​ការ​សន្ទនា​គ្នា​ជា​និរន្ត​រ៍​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​គណបក្ស​ ប្រឆាំង។

លោកស្រី Julie Bishop កាល ​ពី​ថ្ងៃ​ទី​២១​ខែ​កុម្ភៈកន្លង​ទៅ​នេះ បានធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោកស្រី​បាន​ធ្វើ​ការ​ចរចា​ជាមួយ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​ប៉ុន​ប៉ង​ចូល​ទៅ​ អូស្រ្តាលី​តាម​ កាណូត។ នៅ​គ្រា​នោះ​លោក​ស្រី​បាន​រង​ការ​ទិតៀន​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ថា​ លោក​ស្រី​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស៊ី​ជម្រៅ​​ក្នុង​ការ​ជួយ​ អន្តរាគមន៍​ទៅ​លើ​កង្វល់​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ ប្រភពពីគេហទំព័រអេប៊ីស៊ី​អូស្រ្តាលីចេញផ្សាយនាព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា