ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋ​មន្រ្តី សារភាព​ថាមិ​ន​អាចកាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​បានឡើយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សារភាពថា កម្ពុជា មិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្របានឡើយ។ ប៉ុន្តែ កម្ពុជា អាចកាត់បន្ថយគម្លាតផ្នែកអប់រំបាន ដោយសារការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមធម៌។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីបូកសរុបសន្និបាតអប់រំយុវជននិងកីឡា ឆ្នាំ២០១៤ កាលពីថ្ងៃទី២១ ខែមីនា។

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តថា ប្រទេសមួយនេះនឹងកាត់បន្ថយគម្លាតនៃការអប់រំឲ្យបានជាអតិប្រមាណ ប៉ុន្តែមិនមានវិធីណាមួយឡើយដើម្បីកាត់បន្ថយគម្លាតជីវភាពរវាង អ្នកមាននិងអ្នកក្រ។

លោក ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នកុមារកម្ពុជា ទោះមានក្ដីក្រក្ដី មានសិទ្ធិទទួលបានការអប់រំដូចៗគ្នា តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល។ ហើយគោលនយោបាយកាត់គម្លាតនោះ ធ្វើបានតែក្នុងប្រព័ន្ធអប់រំប៉ុណ្ណោះ តែបើចង់ទាញអ្នកមានៗឲ្យមកនៅក្រីក្រដែរ គឺមិនអាចទេ។ លោកបន្តថា នៅក្នុងពិភពលោកមានតែសម័យ ប៉ុល ពត មួយគត់ដែលអាចតម្រឹមជីវភាពពលរដ្ឋឲ្យដូចៗគ្នាបាន។

ទាក់ទងនឹងអត្រានៃភាពក្រីក្រ ធនាគារពិភពលោករកឃើញថា នៅឆ្នាំ២០១៣ កន្លងទៅ ប្រទេសកម្ពុជា មានប្រជាពលរដ្ឋប្រមាណជាង ៣លាននាក់ ឬជិត ២០% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាភាសាខ្មែរកាលពីថ្ងៃទី២២ មីនាឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា