បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានធ្វើសេចក្ដីថ្លែងការណ៍ ប្រកាសផ្អាកការប្រជុំគណៈកម្មាការចុះកំណែទម្រង់ ការបោះឆ្នោត កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤ នៅថ្ងៃដដែល គណបក្សប្រជាជន កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយឆ្លើយតប ទៅនឹងសេចក្ដីថ្លែងការណ៍ថា គណបក្សសង្គ្រោះជាតិបានសម្រេចដោយ អត្តនោម័ត ក្នុងការផ្អាកកិច្ចចចារនោះ។
លិខិតដដែលបន្ដថា គណបក្សប្រជាជនកម្ពុជាមិនមានបំណងផ្អាកការពិភាក្សានោះទេ ហើយអះអាងថា គណបក្សរបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួននូវ សេចក្ដីប្រកាសរួម ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៤ ដែលក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត ត្រូវដាក់ជូនសិក្ខាសាលាថ្នាក់ជាតិផ្ដល់មតិជាមុនទើប គណៈកម្មាធិការចម្រុះនៃ គណបក្សទាំងពីរយកមកពិគ្រោះពិភក្សាដើម្បីសម្រេច។ គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់ថាគណបក្សសង្រ្គោះជាតិ ថាបានចាប់បង្ខំឲ្យគណបក្សប្រជាជនកម្ពុជាត្រូវតែឆ្លើយតបឲ្យ ច្បាស់ជាមុន ចំពោះប្រធានបទតែមួយគឺកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតដោយដាក់ជាស្ថាប័នធម្មនុញ្ញ និងអនុម័តសម្លេង ២ភាគ៣នៃសមាជិករដ្ឋសភាទាំងមូល ប្រការនេះផ្ទុយពីសេចក្ដីប្រកាសរួម។
ទាក់ទងនឹងជុំវិញការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិថា គណបក្សប្រជាជនកម្ពុជា អូសបន្លាយ ពេលវេលានិង មិនមានឆន្ទៈក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោតនោះ សេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជាបានបន្តថាគណបក្សខ្លួនមានសុទិដ្ឋិនិយម និងបន្ដការចរចារ តទៅទៀតតាមដំណាក់កាល នៃការងាររបស់គណៈកម្មារចម្រុះ។