តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មការចម្រុះ លោក ឈាង វុន ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារក្សាជំហរដាក់ គ.ជ.ប ជាស្ថាប័នដាច់ដោយឡែកចែងក្នុងកម្រិតច្បាប់រៀបចំអង្គការ ដើម្បីងាយ ធ្វើ កំណែ ទម្រង់ ជាជាងការកំណត់ស្ថាប័ននេះ ក្នុងច្បាប់កំពូល ដែលនាំឲ្យរដ្ឋធម្មនុញ្ញ ប្រឈមនឹងការធ្វើវិសោធនកម្មញឹកញាប់។
ការលើកឡើងនេះ គឺឆ្លើយតបទៅនឹងការប្រកាសរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលទាមទារឲ្យគណបក្សកាន់អំណាច បង្ហាញពីរូបមន្តកំណែទម្រង់ គ.ជ.ប ដែលខ្លួនចង់បាន។ សម្រាប់គណបក្សសង្គ្រោះជាតិ បានលើកឡើងពីរូបមន្តមួយនៃកំណែទម្រង់ គ.ជ.ប គឺដាក់ជាស្ថាប័នធម្មនុញ្ញ ដោយមានការបោះឆ្នោតដោយរដ្ឋសភាក្នុងសំឡេង២ភាគ៣។
លោក ឈាង វុន បានបន្ថែមថា ការដាក់គជប ជាស្ថាប័នធម្មនុញ្ញ និងការបោះឆ្នោតសំឡេង២ ភាគ៣ គឺនាំឲ្យគណបក្សប្រជាជនកម្ពុជា ប្រឈមនឹងការសម្រេចក្នុងសភា ហើយប្រសិនបើគណបក្សសង្គ្រោះជាតិ មិនបន្ទន់ឥរិយាបថ ក្នុងកិច្ចចរចាក្នុងសភា នាំឲ្យជាប់គាំងនយោបាយ «គេមិនដែលយកស្ថាប័នមួយ ដែលអាចមានការផ្លាស់ប្តូរញឹកញាប់ យកទៅដាក់ធម្មនុញ្ញ អ៊ីចឹងម្តងៗយើងកែរដ្ឋធម្មនុញ្ញងាប់ហើយ ព្រោះរដ្ឋធម្មនុញ្ញគឺជាច្បាប់មួយ ដែលយើងមិនអាច កែអត្តនោម័តទេ ត្រូវមានការស្រុះស្រួលគណបក្ស។សំខាន់ដែលគាត់ទាមទារនោះ គឺធ្វើឲ្យដំណើរការនៃរដ្ឋគាំង ពីរភាគបី។ យើងគិតមើល នៅក្នុងសភា មានតែ៦៨ទេ គណបក្សប្រជាជន ហើយគាត់មាន៥៥ បើខាងណាមួយងង៉ក់ នឹងគាំងហើយស្ថាប័នរដ្ឋ»។
រីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀបក៏បានឲ្យដឹងថាផងដែរថា មិនគួរឲ្យមានការសម្រេច ២ភាគ៣ (២/៣) ទេ គ្រាន់តែបង្កើត គ.ជ.ប. នោះ ហើយគណបក្សប្រជាជន មានសុច្ឆន្ទៈក្នុងការចរចា។
ដកស្រង់ពីគេហទំព័រវីអូឌី ដែលបានចេញផ្សាយកាលពីព្រឹកម្សិលម៉ិញ។