ត្រឡប់ក្រោយ

សកម្ម​ជន​តវ៉ាដី​ធ្លី​ដាក់​ញ្ញត្តិ​ទៅ​EU ជួយ​អន្ត​រាគមន៍បញ្ហាដីធ្លី និង​ដោះលែងកម្មករ​ទាំង​២១អ្នក​

សកម្មជនដីធ្លីប្រមាណជាង ៥០នាក់ ពីសហគមន៍ បឹងកក់ និងបុរីកីឡា កាលពីម្សិលមិញ បានដាក់ញត្តិទៅសហគមន៍អឺរ៉ុប សុំឲ្យស្ថាប័នអន្តរជាតិមួយនេះជួយអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាល កម្ពុជា ឲ្យជួយពន្លឿនការដោះស្រាយវិវាទដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់និងដោះលែងសកម្មជននិងកម្មករ ២១នាក់ ដែលកំពុងជាប់ឃុំ «ទាំងអយុត្តិធម៌»។

អ្នកស្រី ទេព វន្នី តំណាងអ្នក បឹងកក់ បានថ្លែងថា ដោយសារសហគមន៍អឺរ៉ុប ជាម្ចាស់ជំនួយ និងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់ កម្ពុជា ទើបពួកអ្នកស្រីដាក់ញត្តិសុំឲ្យពួកគេជួយជំរុញទៅរដ្ឋាភិបាលឲ្យ ជួយដោះស្រាយបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃ របស់ប្រជាសហគមន៍ និងដោះលែងអ្នកជាប់ឃុំទាំង ២១នាក់។

ជាមួយគ្នានេះអ្នកស្រី ឆាយ គឹមហ៊ន តំណាងសហគមន៍បុរីកីឡាបានថ្លែងថា អំពើពុករលួយបានធ្វើឲ្យការអភិវឌ្ឍគ្មានតម្លាភាព ជាលទ្ធផលពលរដ្ឋក្រីក្រក្នុងសហគមន៍បុរីកីឡា ចំនួន ១៥៦ គ្រួសារកំពុងរស់នៅក្រោមដំបូលតង់ធ្លុះធ្លាយលើគំនរសំរាម ដើម្បីរង់ចាំដំណោះស្រាយ។ ៧ ឆ្នាំហើយពួកអ្នកស្រីនៅតែមិនទទួលបានដំណោះស្រាយអ្វីទាំងអស់ថែម ទាំងទទួលរងការវាយដំថែមទៀតពេលចេញតវ៉ាទាមទារដំណោះស្រាយម្តងៗ។

បន្ទាប់មកគេឃើញវត្តមានរបស់លោក ជីន ហ្វ្រង់ស្វ័រ កូតាន់ (Jean-François Cautain) តំណាងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ចេញមកទទួលញត្តិរបស់ពលរដ្ឋរងគ្រោះទាំងនេះប៉ុន្តែ មិនបានមានប្រសាសន៍អ្វីច្រើនទេ ដោយគ្រាន់តែថា លោកនឹងពិនិត្យពិចារណា លើខ្លឹមសារនៃញត្តិទាំងនេះដោយយកចិត្តទុកដាក់បំផុត។ ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ ចេញផ្សាយនាថ្ងៃទី២៨ មីនា ឆ្នាំ២០១៤។

រូប​ថតពីភ្នំពេញ​ប៉ុស្តិ៍​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា