ត្រឡប់ក្រោយ

រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាលើកទី ២ នីតិកាលទី៥

នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបាន បើកសម័យប្រជុំលើកទី ២ នីតិកាលទី ៥ របស់ខ្លួន។ ការប្រជុំសភានៅព្រឹកនេះ មានកូរុំសរុប ៦៤ ប៉ុណ្ណោះ ដែលមានសមាជិកមកតែពីគណបក្សប្រជាជនកម្ពុជា ក្នុងនោះសង្កេតឃើញ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន​​ មានវត្តមានក្នុងដំណើរការកិច្ចប្រជុំនេះផងដែរ សមាជិកសភា ៤រូប ទៀតរបស់គណបក្សប្រជាជនកម្ពុជាអវត្តមាន ដោយសារតែជាប់បំពេញភារកិច្ចរបស់ខ្លួន។ ចំណែកឯបេក្ខជនជាប់ឆ្នោតពីគណបក្សសង្រ្គោះជាតិ ធ្វើពហិការមិន​ចូលរួម​ក្នុងកិច្ច​​ប្រជុំសភា។ ដំណើរការកិច្ចប្រជុំលើកទី ២នេះ មានរបៀបវារៈ សំខាន់ៗ​​ចំនួន៖

១‑ ការបោះឆ្នោតជ្រើសតាំងឯកឧត្តម សារី កោសល្យ ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២‑ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣

៣‑ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ផ្លូវថ្នល់

៤‑ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារស្ដីពីវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាមស្ដីពីការជំរុញ និងការការពារវិនិយោគ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា