គ.ជ.ប. បានប្រកាសថា នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ខ្លួននឹង ធ្វើការបើកវគ្គបណ្តុះបណ្តាល រយៈពេល ២ ថ្ងៃ ដល់មន្ត្រី នៃគណៈកម្មការ រាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ/ខប) តំណាងគណបក្សនយោបាយ និងអ្នកសង្កេត ការណ៍បោះឆ្នោត ស្តីពី "ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត"។
សេចក្តីប្រកាសរបស់ គ.ជ.ប. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ បង្ហាញថា ពិធីបើកវគ្គនេះ នឹងប្រព្រឹត្តទៅនៅសាល ក្រសួងមហាផ្ទៃ វេលាម៉ោង ៨ ព្រឹក នាថ្ងៃទី២២ មេសា ក្រោម អធិបតីភាព លោកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប.។ នៅវេលាម៉ោង ១៦ និង ៤៥ នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. មានមតិ សំណេះសំណាល ជាមួយសិក្ខាកាម និងជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះ បណ្តាល។
ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នឹងធ្វើឡើង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ការបោះ ឆ្នោតនោះ ធ្វើឡើង ជាលក្ខណៈអសកល ដោយមានតែសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងតំណែង សរុបចំនួន ១១.៣៥៣ រូប ប៉ុណ្ណោះ ជាអ្នកបោះឆ្នោត។