ត្រឡប់ក្រោយ

លោក​ស្រី​ មួរ ​សុខ​ហួរ ​​អៈ​​អាង​ថានឹង​ទៅ​កាន់​ទីលាន​ប្រជា​ធិប​តេយ្យ​បើ​ទោះ​ជា​អាជ្ញាធរ​ហាម​ឃាត់​

បេក្ខជនជាប់ឆ្នោតបក្សប្រឆាំងម្នាក់គឺលោកស្រី មួរ សុខហួរ បានព្យាយាមចូលទៅកាន់ទីលានប្រជាធិបេតយ្យនៅព្រឹកថ្ងៃពុធ ទី ០២មេសាម្សិលម៉ិញនេះ។ គោលបំណងគឺដើម្បីបង្ហាញពីសេរីភាពនៃទីលានមួយនេះ ក៏ប៉ុន្តែ ត្រូវបានកងសន្តិសុខរាជធានីភ្នំពេញជាច្រើនហ៊ុមព័ន្ធ និងរារាំងមិនឲ្យចូលទៅកាន់ទីលានសម្តែងមតិនេះឡើយ។ លោកស្រីបានអះអាងថានឹងចូលទៅកាន់ទីលាននោះជារៀងរាល់ថ្ងៃ ប្រសិនបើលោកស្រីស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយលោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋហ៊ានចូលទៅកាន់ទីលានប្រជាធិបតេយ្យផងដែរពីព្រោះទីលាននោះជារបស់ប្រជាពលរដ្ឋគ្រប់រូប។ នេះបើតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសា ដែលបានចេញផ្សាយនាថ្ងៃទី០២ មេសា។
 
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃពុធម្សិលម៉ិញនេះ លោកស្រី មួរ សុខហួរ បានឲ្យដឹងថា គោលបំណងដែលលោកស្រីចង់ចូលទៅកាន់ទីលានប្រជាធិបតេយ្យគឺដើម្បីរក្សាស្មារតីទីលានប្រជាធិបតេយ្យ។ សម្រាប់តំណាងរាស្ត្រជាប់ឆ្នោតបក្សប្រឆាំងរូបនេះ ស្មារតីនៃទីលានប្រជាធិបតេយ្យគឺការនិយាយការពិត និយាយអំពីទុក្ខសោក និងអំពើអយុត្តិធម៌។  គឺទីលាននេះហើយដែលជាទីកន្លែងសម្រាប់បញ្ចេញមតិគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។  លោកស្រី មួរ សុខហួរ បានស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញថាតើពេលនេះប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរទៅមុខ ឫដើរថយក្រោយ?

មន្ត្រីបក្សប្រឆាំងរូបនេះបានសម្តែងការងឿងឆ្ងល់ថា អាជ្ញាធរបានដាក់បម្រាមមិនឲ្យមានការជួបជុំលើសពី៩នាក់ ក៏ប៉ុន្តែ ហេតុអ្វីបានជាសមត្ថកិច្ចរារាំងខណៈដែលលោកស្រីចូលទៅទីនោះតែម្នាក់ឯង។  លោកស្រី មួរ សុខហួរ ក៏បានស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆ្លើយបំភ្លឺចំពោះមុខសភា និង ប្រជាពលរដ្ឋថា កងប្រដាប់អាវុធមានតួនាទីបែបណា ហើយកងសន្តិសុខទាំងនោះមកពីណា។ បេក្ខជនជាប់ឆ្នោតស្ត្រីគណបក្សសង្គ្រោះជាតិដដែលក៏ បានចោទប្រកាន់កងប្រដាប់អាវុធ និង កងសន្តិសុខទាំងនោះថា អសីលធម៌ និង ចូលចិត្តប្រើអំពើហិង្សា។
 
សូមបញ្ជាក់ថា បន្ទាប់ពីផ្ទុះអំពើហិង្សារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមបាតុករកម្មករនៅផ្លូវវេងស្រេងកាលពីដើមខែមករាដែលបណ្តាលឲ្យមានមនុស្សស្លាប់ របួស និងចាប់ខ្លួនជាច្រើននាក់រួចមក  អាជ្ញាធរបានហាមឃាត់មិនឲ្យការជួបជុំ ហើយបានដាក់ទីលានប្រជាធិបតេយ្យស្ថិតក្នុងការស៊ើបអង្កេតមិនឲ្យមានរៀបចំពិធីជួបជុំសម្តែងមតិទៀតឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា