ត្រឡប់ក្រោយ

សម រង្ស៊ី ទូលព្រះមហាក្សត្រ៖ រដ្ឋសភា​បច្ចុប្បន្ន គឺ​មិនឆ្លុះ​បញ្ចាំងពី​ឆន្ទៈពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខែ្មរឡើយ

នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៤ ​ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានផ្ញើសារ ថ្វាយព្រះមហាក្សត្រ ថារដ្ឋសភាបច្ចុប្បន្ន គឺមិនឆ្លុះបញ្ចាំង​ពីឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខែ្មរឡើយ។ លិខិតដដែលបន្ដថា រដ្ឋសភានេះពុំអាចធ្វើជាតំណាងឲ្យបានប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ដោយសារតែ​សម័យប្រជុំ​ដំបូងមាន​សមាជិកចូល​រួមមិន​គ្រប់តាម​មាត្រា៧៦ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យមានតំណាងរាស្រ្ត គ្រប់ចំនួន ១២០រូប និងបានចោទប្រកាន់ថា​ ជារដ្ឋសភាឯកបក្ស មានតែ​គណបក្ស​ប្រជាជន​កម្ពុជាមួយតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា លិខិតនេះត្រូវបានធ្វើឡើងក្រោយពី ព្រះរាជសារបស់ព្រះមហាក្សត្រជូនដល់សម័យ ប្រជុំរដ្ឋសភា លើកទី ២​ នីតិកាលទី ៥ មានខ្លឹមសារថា​ ព្រះអង្គទ្រង់​សង្ឃឹម​យ៉ាង​មុតម៉ាំ ចំពោះរដ្ឋសភាជាតិតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្ដខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមរបស់កម្ពុជា ជាជំហាន​ៗ​ធានា​នូវសង្គមកម្ពុជាមួយ ដែលរឹងមាំ មានសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចិរភាព និងសមធម៌។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា