ត្រឡប់ក្រោយ

ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ​គណបក្ស សម រង្ស៊ី ចំនួន ៨៧រូប ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ ដក​សិទ្ធិ​ពីស​មា​ជិក​ភាព​

ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ របស់គណបក្ស សម រង្ស៊ី ចំនួន ៨៧រូប នៅខេត្តកំពង់ចាម ត្រូវបានក្រសួងមហាផ្ទៃ ដកសិទ្ធិពីសមាជិកភាពរបស់ខ្លួនចេញ ដោយសារពួកគាត់បានប្ដូរទៅឈរឈ្មោះនៅគណបក្សសង្គ្រោះជាតិ។ ក្រុមប្រឹក្សាទាំងនោះក៏បានសម្ដែងអារម្មណ៍មិនពេញចិត្តចំពោះ ចំណាត់ការរបស់អាជ្ញាធរខេត្ត ដែលបានកាត់ផ្តាច់ប្រាក់ខែរបស់ពួកគាត់នៅប្រចាំខែមីនា ទៀតផង។  នេះបើតាមគេហទំព័រវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលបានចេញផ្សាយថ្ងៃ០៣ មេសាម្សិលម៉ិញ។

គេហទំព័រដដែលនេះបានដកស្រង់ការសំភាសន៍សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម មួយរូប គឺលោក កៅ ចេស្តា មានប្រសាសន៍ថា ពួកគាត់ទាំង ៨៧នាក់ ដែលជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នោះ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី២០ មីនា ដើម្បីដកសិទ្ធិចេញពីតំណែងក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី ដោយសារតែពួកគាត់បានឈរឈ្មោះជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សសង្គ្រោះជាតិ។

លោកបន្តថា ក្នុងសេចក្តីសម្រេចនោះមិនបានបញ្ជាក់រឿងផ្តាច់ប្រាក់ខែសម្រាប់ខែ មីនា នោះទេ ប៉ុន្តែអាជ្ញាធរខេត្តបែរជាផ្តាច់ប្រាក់ខែនោះពីពួកគាត់ទៅវិញ រហូតដល់មាននៅស្រុកខ្លះបានធ្វើការតវ៉ាខ្លាំង ទើបព្រមបើកប្រាក់ប្រចាំខែមីនា ជូន ប៉ុន្តែចំពោះក្រុមប្រឹក្សាខេត្តនៅតែមិនទទួលបានប្រាក់ខែប្រចាំ ខែមីនា ដដែល។ លោកបន្ថែមទៀតថា ការដកសិទ្ធិ និងការមិនបើកប្រាក់ខែឱ្យនោះ គឺជាចេតនានយោបាយច្រើនជាងការអនុវត្តច្បាប់ទៅវិញ។

ចំនែកនាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក គឹម គុណវុឌ្ឍ បានមានប្រសាសន៍បញ្ជាក់ដោយខ្លីថា ខាងលោកធ្វើទៅតាមលិខិតរបស់ក្រសួងមហាផ្ទៃ និងរុញបញ្ហានេះឱ្យទៅសួរក្រសួងមហាផ្ទៃ។ ម្យ៉ាងវិញទៀត​វិទ្យុអាស៊ីសេរី មិនអាចទំនាក់ទំនងអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ គឺលោក ខៀវ សុភ័គ បានទេនៅថ្ងៃទី២ មេសា។

ប៉ុន្តែ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វែ្រល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ត្បិតតែមិនមានច្បាប់ណាចែងអំពីតំណែងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចតំណែងតំណាងរាស្ត្រក៏ដោយ ក៏ប៉ុន្តែគេក៏ត្រូវអនុលោមទៅតាមគោលការណ៍ដែលមានស្រដៀងគ្នាទៅនឹង តំណែងតំណាងរាស្ត្រដែរ។ លោកបន្តថា ក្រសួងមហាផ្ទៃ មិនអាចរុះរើ ឬដកសិទ្ធិ ឬក៏ផ្តាច់ប្រាក់ខែចំពោះតំណែងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ របស់គណបក្សមួយ ដោយសារតែគាត់បានទៅឈរឈ្មោះជាបេក្ខភាពឱ្យគណបក្សថ្មីនោះទេ នៅក្នុងកំឡុងពេល ៦ខែមុនការបោះឆ្នោតមកដល់នោះ។

លោកបន្ថែមទៀតថា ការធ្វើដូចនេះអាចជាការរំលោភសិទ្ធិទៅលើសមាជិកភាពរបស់សមាជិក ក្រុមប្រឹក្សាទាំងនោះ ហើយជាការបង្កើតបញ្ហាឱ្យកាន់តែមានច្រើន និងអាចធ្វើឱ្យមានការតវ៉ាណាមួយកើតឡើង ដោយសារតែការមិនពេញចិត្តទៅនឹងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមីនា នោះទៀតផង។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា