ត្រឡប់ក្រោយ

គ.ជ.ប​ ស្នើឲ្យ​គណបក្ស​នយោ​បាយ​គោរព​នីតិវិធី​ឃោសនា ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  នៅថ្ងៃចន្ទទី២១  ខែមេសា ម្សិលម៉ិញ បានធ្វើសន្និសីទកាសែតផ្សព្វផ្សាយពីនីតិវិធីឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ជូន​ដល់​តំណាង​គណ​បក្សនយោបាយនានា ក្នុងគោលដៅបញ្ចៀសទំនាស់ក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនានាពេល ខាងមុខ។ យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៥ថ្ងៃ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៤។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយឲ្យចូលរួមសហការជាមួយមន្ត្រី រៀបចំការបោះឆ្នោតនៅតាមរាជធានី ខេត្ត រៀបចំការបោះឆ្នោត នឹងត្រូវគោរពនីតិវិធីឃោសនាបោះឆ្នោត​ឲ្យបាន​ទាំង​អស់គ្នា។

លោក ទេព នីថា៖ «សូមមេត្តាគណបក្សនយោបាយ មេត្តាសហការឲ្យបានជិតស្និទ្ធជាមួយគណៈកម្មការរាជធានី-ខេត្តរៀបចំការ បោះឆ្នោត ដែលគាត់ជាអ្នកគ្រប់គ្រង និងសម្របសម្រួលផ្ទាល់អំពីការឃោសនាបោះឆ្នោតនេះ ហើយ​ការ​ឃោសនាបោះឆ្នោតនេះ គឺមានគោលបំណងឲ្យគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតហ្នឹង បញ្ចុះបញ្ចូលឲ្យអ្នកបោះឆ្នោត បោះឆ្នោតឲ្យខ្លួន។ អ៊ីចឹងទេ ទោះយ៉ាងណាក៏ដោយ សូមមេត្តាគោរពបទបញ្ជានីតិវិធី ព្រមទាំង​ក្រម​សីល​ធម៌ ជាពិសេសនីតិវិធីទាក់ទងនឹងការឃោសនា ដើម្បីឲ្យការឃោសនាប្រព្រឹត្តទៅដោយរលូនល្អ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងរួមទាំងការសន្សំសំចៃផង»។

ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីដែលបានចេញផ្សាយនាថ្ងៃទី២១ មេសាម្សិលម៉ិញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា